សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌចាត់វិធានការទប់ស្កាត់ ការចាក់ដីលើចំណីរផ្លូវ ខ្ពស់ជាងផ្លូវនិងមិនដាក់ប្រព័ន្ធលូ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៧ ខែសីហានេះ លោក អុល សំអឿន សមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌ ចាត់វិធានការទប់ស្កាត់ការចាក់ដីលើចិញ្ចើមផ្លូវខ្ពស់ជាងផ្លូវថ្នល់ ពិសេស ផ្លូវ៤២ក្នុងសង្កាត់ពន្សាំង ដែលនៅពេលភ្លៀងម្ដងៗកន្លែងដែល បានចាក់ដីខ្ពស់ លើចំណីផ្លូវត្រូវជនលិចនិងមានទឹកហូរ តាមផ្លូវ ក្លាយជាប្រឡាយ។ ក្រៅពីនេះលោក ក៏បានសំណូមពរឲ្យរដ្ឋបាលខណ្ឌចាត់វិធានការចំពោះផ្ទាំងប៉ាណូ និងសំយ៉ាប ដែលបានសង់ រំលោភលើចិញ្ចើមផ្លូវ ទាំផ្លូវ១៥១ និងផ្លូវ៤២ ដើម្បីសម្រួលដល់ការធ្វើចរាចរ និងសោភ័ណភាពផ្លូវផងដែរ។
ឆ្លើយតបទៅនឹងសំណើនេះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅបានលើកឡើងថាកន្លងមកជារៀងរាល់លើកនៅក្នុងអង្គប្រជុំ លោកតែងតែណែនាំដល់បណ្ដាសង្កាត់ទាំង អស់ត្រូវត្រួតពិនិត្យមើលផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសផ្លូវសំខាន់ៗ ដូចជាផ្លូវ១៥១ និងផ្លូវ៤២ជាដើមមិនឲ្យរថយន្ដធន់ធ្ងន់ដឹកលើសទម្ងន់ដែលបានកំណត់ ឆ្លងកាត់ ឬមានការចាក់ដីលើចិញ្ចើមផ្លូវ ឲ្យខ្ពស់ជាងផ្លូវនោះឡើយ។ ជាមួយនេះក៏បានណែនាំឲ្យសង្កាត់ ផ្សព្វផ្សាយការងារនេះ ដល់អ្នកដែលមានដីឡូជាប់ផ្លូវ ឲ្យបានជ្រួតជ្រាបនិងដាក់ប្រព័ន្ធលូទំហំ៨តឹក អមសងខាងផ្លូវ ព្រមទាំងកាយជ្រលងផងដែរដើម្បី កុំឲ្យទឹកហូរលើផ្លូវ។
លោក អភិបាលខណ្ឌ បានបន្ដថា កន្លងមកការងារនេះរដ្ឋបាលខណ្ឌ រួមជាមួយនឹងសង្កាត់ពាក់ព័ន្ធធ្លាប់ធ្វើច្រើនលើកច្រើនសាររួចមកហើយ ពិសេសការរុះរើកាត់ផ្ទាំងប៉ាណូ និងសំយ៉ាបផ្ទះ តាមផ្លូវជាតិលេខ៥ ផ្លូវ១៥១និងផ្លូវ៤២។ ប៉ុន្ដែ១រយៈចុងក្រោយនេះដោយសាររដ្ឋបាលខណ្ឌ ជាប់រវល់និងការងារ ប្រយុទ្ធប្រឆាំងការរាលដាលនៃជម្ងឺកូវីដ១៩ ធ្វើឲ្យជនឱកាសនិយម១ចំនួន ឆ្លៀតធ្វើសកម្មភាព រំលោភទាំងនោះទៀត។
ក្នុងឱកាសនោះ លោក សុខ សម្បត្តិ សូមឲ្យសង្កាត់ពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យកិច្ចការនេះឡើងវិញ ត្រូវផ្សព្វផ្សាយណែនាំ ដល់អ្នកមានដីឡូតិ៍ជាប់ផ្លូវ មិនត្រូវចាក់ដីលើចំណីផ្លូវខ្ពស់ជាងផ្លូវ និងដាក់ប្រព័ន្ធលូតាមការកំណត់របស់រដ្ឋបាលខណ្ឌ ព្រោះបើផ្លូវខូចមិនមែនអ្នកធ្វើខូច ជាអ្នកធ្វើនោះទេគឺរដ្ឋជាអ្នកធ្វើ។ ជាមួយនេះស្របពេល ផ្លូវ១៥១ កំពុងរៀបចំការជួសជុលពង្រីក នេះជាឱកាសល្អ គឺសង្កាត់ពាក់ព័ន្ធត្រូវជូនដំណឹងឲ្យគាត់រុះរើ តែម្ដង។ ជាងនេះទៅទៀត លោកក៏បានសំណូំពរ សូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការទាំងអស់គ្នាដើម្បីចូលរួមកសាងមូលដ្ឋានរបស់យើង ឲ្យរីកចំរើន មានរៀបរៀបរយ និងសណ្ដាប់ធា្នប់ល្អ។
លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានកត់សម្គាល់ឃើញថាកន្លងមកនេះ រដ្ឋបាលខណ្ឌបានយកចិត្តខ្ពស់ ក្នុងការរៀបចំរបៀបរៀបរយតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន មាន ផ្លូវ១៥១ ផ្លូវជាតិលេខ៥ និងផ្លូវតាមបណ្ដាសង្កាត់ជាច្រើនទៀត ពិសេសតំបន់ ដេប៉ូលក់ត្រី ក្នុងសង្កាត់ព្រែកព្នៅ។ ជាមួយនេះលោក សូមឲ្យរដ្ឋបាលខណ្ឌបន្ដខិតខំបន្ថែមទៀត ព្រោះកិច្ចការសណ្ដាប់ធ្នាប់របៀបរៀបរយ សាធារណៈនេះ មិនអាចដកដៃបានឡើយ គឺត្រូវតែធ្វើជាប្រចាំ ទើបមូលដ្ឋានយើងមានសោភណ័ភាព សណ្ដាប់ធ្នាប់ របៀបរៀបរយល្អ៕

...

ដោយ៖  ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print