ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានចេញច្បាប់ឲ្យពលរដ្ឋដកប្រាក់ពីធនាគារបានតែ២០០ដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលមួយសប្តាហ៍ ដោយសារតែសេដ្ឋកិច្ចប្រទេសជាតិស្ថិតនៅក្នុងដំណាក់កាលលំបាក និងប្រឈមអសន្តិសុខ។
សារព័ត៌មាន AP បានផ្សាយថា ជាមួយនឹងការកំណត់នោះ ពលរដ្ឋរាប់ពាន់នាក់បានតម្រង់ជួររង់ចាំដកប្រាក់ពីធនាគារជាតិអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល ។ ជាមួយគ្នានោះដែរ ប្រាក់ខែបុគ្គលិកជាច្រើនមិនទាន់បានបើកឲ្យនៅឡើយទេ។
លោក Mustafa បុគ្គលិកបម្រើការនៅទីក្រុងកាប៊ុលបានឱ្យដឹងថា លោកជាបង្គោលគ្រួសារមានសមាជិក១១នាក់ ហើយពេលនេះ ប្រាក់ខែរបស់គាត់ត្រូវបានកាត់បន្ថយដល់ទៅ៧៥%។ ចាប់តាំងពីក្រុមតាលីបង់គ្រប់គ្រងមក លោក Mustafa រកប្រាក់ចំណូលបានមិនដល់៥០ដុល្លារផង តើធ្វើយ៉ាងណាអាចចិញ្ចឹមគ្រួសារបានទៅ?
ចំណែកលោក Noorullah ជាអ្នករកស៊ីលក់ដូររយៈពេល១១ឆ្នាំ នៅទីក្រុងកាប៊ុលបានឱ្យដឹងថាធនាគារបានបិទទ្វារ ចំណែកអ្នកមានលុយបានភៀសខ្លួនរត់ចេញពីប្រទេសអស់ហើយ មិនមានអ្នកណាមកទិញទំនិញរបស់លោកទៀតឡើយ។
នៅហាងលក់នំភីហ្សា កណ្តាលទីក្រុងកាប៊ុល បុគ្គលិកនិងអតិថជនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយក្រុមតាលីបង់គ្រប់គ្រងប្រទេស។ ពលរដ្ឋជាច្រើនបានបង្ហាញពីក្តីបារម្ភចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារ ព្រោះរកប្រាក់មិនបានគ្មានអ្វីហូប។ ពលរដ្ឋបារម្ភពីសេដ្ឋកិច្ចច្រើនជាងការវិលទៅកាន់របបដឹកនាំរបស់តាលីបង់ដូចមុនឆ្នាំ២០០១ទៅទៀត៕
ដោយ៖សាធី
ជនជាតិអាហ្វហ្គានីស្ថានតម្រង់ជួរនៅមាត់ទ្វារអាកាសយានដ្ឋានអន្តរជាតិកាប៊ុលដើម្បីជម្លៀសចេញនៅថ្ងៃទី ២៨ ខែសីហា។ រូបភាព៖AFP/TTXVN
ប្រព័ន្ធធនាគារអាហ្វហ្គានីស្ថានជិតឈានដល់ការដួលរលំហើយជនជាតិអាហ្វហ្គានីស្ថានរង់ចាំជាជួរវែងនៅមុខម៉ាស៊ីនអេធីអឹមក្នុងរដ្ឋធានីកាប៊ុលដើម្បីដកសាច់ប្រាក់។ រូបភាព៖ AP