មួយត្រីមាស ដើមឆ្នាំ២០១៦ រដ្ឋទទួលចំណូលជាង ៤ពាន់លានរៀលពីការផាកយានយន្ត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផាកពិន័យយានយន្តចំនួន ៣១ម៉ឺន ៨.៩៩៨គ្រឿង ដោយទទួលបានទឹកប្រាក់ពីការផាកយានយន្ត ប្រមាណជាង ៤ពាន់លានរៀល។ នេះបើយោងតាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំត្រីមាសទី១ ឆ្នាំ២០១៦។

នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ ដែលបង្ហាញដោយ ឯកឩត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នាពេលកន្លងទៅនេះ បានឲ្យដឹងទៀតថា ក្នុងចំណោមយានយន្តដែលបានផាកពិន័យចំនួន ៣១ម៉ឺន ៨.៩៩៨គ្រឿង ក្នុងនោះមានរថយន្ត ៩ម៉ឺន៥.៧៣៩គ្រឿង និងម៉ូតូចំនួន ២២ម៉ឺន ៣.២៥៩គ្រឿង។ ក្រៅពីការ ផាកពិន័យ នគរបាលចរាចរណ៍ផ្លូវគោក ក៏បានធ្វើការអប់រំម្ចាស់យានយន្តជាង ៣៧ម៉ឺននាក់ បានរកឃើញ យានយន្តល្មើសប្រមាណជាង ៦៩ម៉ឺនគ្រឿង និងបានត្រួតពិនិត្យយានយន្តសរុបជាង ២លាន៨សែនគ្រឿង។ ក្នុងនោះ ក៏មានការឃាត់ទុកយានយន្តគ្មានស្លាកលេខចំនួន ៨០០គ្រឿង នៅតាមខេត្តចំនួន១៤ ជាប់ព្រំដែន វៀតណាម និងថៃ។

ទន្ទឹមនឹងនេះ នគរបាលបានឃាត់ខ្លួន និងបញ្ជូនសំណុំរឿងជនល្មើសជាតិស្រវឹង និងល្មើសល្បឿនទៅកាន់តុលាការបានចំនួន ៣០៨នាក់ ហើយអ្នកដែលល្មើសទាំងនោះ ៨០% គឺនៅទីក្រុងភ្នំពេញ។ ដោយឡែកក្នុងរយៈពេល១ត្រីមាស នេះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មាន ៤៥១នាក់ ដោយថយចុះតែ ១នាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមាន ៤៥២នាក់។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទទួលស្គាល់ថា គ្រោះថ្នាក់ដុំនិងរាយកំណើន យានយន្ត គឺជាកត្តាលំបាកដែលធ្វើឲ្យគេមិនអាចកាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានច្រើន។ ឯកឩត្តម ឧត្តមសេនីយ៍ឯករូបនេះ លើកឡើងថា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ ២ប្រភេទ គឺគ្រោះថ្នាក់ដុំ និងគ្រោះថ្នាក់រាយ។ គ្រោះថ្នាក់ដុំ គឺកើតឡើងលើរថយន្តដឹកកម្មករ រថយន្តក្រុង ឬរថយន្តដឹកទំនិញជាដើម។ ចំណែកគ្រោះថ្នាក់រាយ គឺគ្រោះថ្នាក់ម៉ូតូ។

សូមជម្រាបថា រយៈពេល ១១សប្តាហ៍កន្លងមកនេះ ថ្ងៃទី១០ ខែមីនា ជាថ្ងៃដែលគ្មានមនុស្សណាម្នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ។ ហើយក្រសួងមហាផ្ទៃ គ្រោងស្នើយកថ្ងៃទី១០ មីនា ជាទិវាសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ជាតិនាពេលខាងមុខផងដែរ៕

20160328185734

20160328185737

20160328185734 (1)

20160328185735

ដោយ៖ ស ដារ៉ា

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print