លោក ឯក ឃុនដឿនត្រៀមបើកផ្លូវជូនពលរដ្ឋ៦៥គ្រួសារ និងពុះចែកដីឡូត៍តាមគោលនយោបាយឈ្នះ=ឈ្នះរបស់សម្ដេចតេជោ
ភ្នំពេញ៖ ដោយយោងតាមគោលនយោបាយ ឈ្នះ=ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន បានចុះត្រួតពិនិត្យទីតាំង ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីត្រៀមលក្ខណៈបើកផ្លូវបន្ថែមទៀត និងឈានទៅវាស់វែងកំណត់ព្រំក្បាលដីឡូត៍ ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ។
ចំពោះការអះអាងបែបនេះ គឺបន្ទាប់ពីលោក ឯក ឃុនដឿន បានចុះសំណេះសំណាល មើលការផ្ដល់សេវាសាធារណៈ និងសួរសុខទុក្ខ ព្រមទាំងឆ្លៀតឧបត្ថម្ភក្រមា, អាល់កុល, ម៉ាស់ និងឧបករណ៍វាស់កម្តៅដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីសង្កាត់ និងថ្នាក់ដឹកនាំភូមិ ស្ថិតនៅរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។
ការចុះត្រួតពិនិត្យក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ ក៏មានការរួមដំណើរដោយលោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌផងដែរ។
ជាមួយគ្នានេះ ក្រៅពីសកម្មភាពសមធម៌ និងត្រួតពិនិត្យទីតាំងក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីត្រៀមពុះចែកដីឡូត៍ និងបើកផ្លូវជូនប្រជាពលរដ្ឋ៦៥គ្រួសារ លោកអភិបាលខណ្ឌឫស្សីកែវថ្មីរូបនេះក៏បានជំរុញបន្ថែមឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាចលនាប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភ: បន្ទាប់ពីរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋដោយធានា “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព” តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖សហការី