លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធរៀបចំ សម្អាតអនាម័យ បរិស្ថាននៅតាមសាលារៀន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ នៅពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សម្អាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីសិស្សានុសិស្សខកខានមិនបានចូលរៀនជាយូរណាស់មកហើយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញានៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនឱ្យដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តដោយជំងឺកូវីដ-១៩។
លោកឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា មកដល់ពេលនេះស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសម្អាតអនាម័យ បរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឲ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងសុំកិច្ចអន្តរាគមន៍ពីកងទ័ពដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលយើងធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារៀនមួយចំនួនត្រូវ បានរដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាលយកធ្វើជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ ។ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជានៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែនសុខជាដើម ។
សូមបញ្ជាក់ថា៖ មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង មានអ្នកជំងឺកូវីដ-១៩កំពុងសម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ។ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែនបានចេញសារសំឡេងបន្ទាន់មួយ ដោយណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញនៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print