ក្រុមជម្រើសជាតិកង់គួកកម្ពុជា នឹងត្រឡប់មកមាតុភូមិ​វិញ នា​ដើម​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​បញ្ចប់​ការ​បោះ​ជុំរុំ​ហាត់ ៣ខែ​នៅ​បារាំង

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព(CAMSOC) និងរូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជាយើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា,ក្រុមកីឡាករជម្រើសជាតិទោចក្រ​យាន​កម្ពុជា (ផ្នែក​កង់​គួក) ៣រូប ក្រោម​ដឹក​នាំ​ដោយគ្រូបង្វឹកលោក ខ្លូត ករណី នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ត្រ​ឡប់​មក​មាតុ​ភូមិ​វិញ នាថ្ងៃទី០៦ ខែ​កញ្ញា​ដើម​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​បញ្ចប់​ការ​បោះ​ជុំរុំ​ហ្វឹក​ហាត់​រយៈ​ពេល ៣ខែ នៅ​ប្រ​ទេស​បារាំង ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក នូ ចំរើន អគ្គ​លេ​ខា​ធិ​ការ​ស​ហ​ព័ន្ធ​កី​​ឡា​ទោ​ចក្រ​យាន​កម្ពុជា ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានបង្ហាញនូវសុទិដ្ឋិ​និ​យម​ខ្ពស់ ចំ​ពោះ​ការ​ហ្វឹក​ហាត់​រយៈ​ពេល ៣ខែកន្លងមកនៅបារាំង បាន​ធ្វើ​ឲ្យ​កី​ឡា​ករ​ម្នាក់ៗ​មាន​ការ​អភិ​វឌ្ឍ និងរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ។ ប៉ុន្ដែ​តាម​ផែន​ការ​ក្រោយ​ត្រឡប់មកដល់មាតុភូមិ សហព័ន្ធក៏​នឹង​សិក្សា​ក្នុង​ការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបារាំងម្ដងទៀត នា​អំឡុង​ដំណាច់​ឆ្នាំ​២០២១ ដើម្បី​សម្រួចសមត្ថភាពបន្ថែម សម្រាប់​ត្រៀម​ការ​ប្រ​កួត​ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែល​ត្រូវបាន​ពន្យារ​ពេល​ទៅ​ប្រកួត​នាឆ្នាំ២០២២ ។

លោកថា «ក្រោយពីការហ្វឹកហាត់នៅបារាំងអស់រយៈពេល ៣ខែ​កន្លង​មក យើង​បាន​សង្កេត​ឃើញ​ពី​ការវិវឌ្ឍនូវការកើនឡើងសមត្ថភាព​របស់​ពួក​គាត់ធៀបនឹងការហ្វឹកហាត់ក្នុងស្រុក ពិសេសការប្រកួតដកស្រង់បច្ចេកទេសនៅតំបន់អឺរ៉ុបនោះ យើងឃើញថាពួកគាត់បានបំបែកនូវលទ្ធផលថិរវេលា នៃការប្រកួតរបស់គាត់ផងដែរ។ ជាការវាយតម្លៃក្នុងនាមខ្ញុំជាអគ្គលេខាធិការសហព័ន្ធ ខ្ញុំបានមើលឃើញពីការហ្វឹកហាត់នេះ គឺមានការរីកចម្រើនទាំងសមត្ថភាព និងការដកបទពិសោធរបស់កីឡាករជម្រើសជាតិរបស់យើង» ។

«តាមការគ្រោងទុករបស់យើង សហព័ន្ធនឹងបញ្ជូនពួកគាត់ទៅហ្វឹកហាត់រយៈពេល ៣ខែបន្តទៀត នៅបារាំង អំឡុងដំណាច់ឆ្នាំនេះ ឬអាចដើមឆ្នាំក្រោយ ប្រសិនបើយើងរៀបចំបានស្រួល ក្នុងករណីសមាគមកីឡាទោចក្រយានកម្ពុជា នៅប្រទេសបារាំង គាត់មានលទ្ធភាពក្នុងការទទួលយកទៅម្ដងទៀត ដើម្បីក្រុមកីឡាករយើងត្រៀមលក្ខណៈហ្វឹកហាត់បានកាន់តែល្អប្រសើរ ឈានទៅរកការត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម ដែលគ្រោងធ្វើនាខែមេសា ឆ្នាំ២០២២ នៅប្រទេសវៀតណាម» ។ លោក នូ ចំរើន បន្ថែម ។

លោកបន្ដថា ចំពោះផែនការទៅហាត់នៅបារាំងលើកទី២ នៅមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះក្រោយត្រឡប់មកដល់មាតុភូមិ ទាំងគ្រូបង្វឹក និងកីឡាករ ត្រូវធ្វើចត្ដាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាល ។ បន្ទាប់មកសហព័ន្ធនឹងបញ្ជូនពួកគេទៅបោះជុំរុំហ្វឹកហាត់នៅខេត្តសៀមរាប ជាមួយក្រុមជម្រើសជាតិកង់ភ្នំ ។ តែយ៉ាងណាសហព័ន្ធនឹងព្យាយាមសម្របសម្រួលឲ្យបានទៅហាត់នៅបារាំងម្ដងទៀត ព្រោះការហ្វឹកហាត់ក្រៅប្រទេសនេះ បានជំរុញឲ្យកីឡាករមានការរីកចម្រើនច្រើនសម្រាប់ត្រៀមការប្រកួតអន្ដរជាតិ ។

សម្រាប់ក្រុមកីឡាករជម្រើសជាតិទោចក្រយាន ៣នាក់ ដែលត្រូវបានសហព័ន្ធបញ្ជូនទៅហ្វឹកហាត់ ៣ខែ នៅបារាំង រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានចេញដំណើរការពីថ្ងៃទី១២ ខែមិថុនា ដោយទទួលបានការគាំទ្រពីពេញទំហឹងពីលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធ ក្រោមការសម្របសម្រួលរបស់សមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print