ខេត្តឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវទឹកហូរកួចចូលទឹកជ្រៅបណ្តាលឲ្យលង់បាត់បង់ជីវិត បើទោះជាអ្នកភូមិជួយបោះខ្សែឲ្យគាត់តោងយ៉ាងណាក៏ដោយ ក៏មិនឈ្នះអំណាចកម្លាំងទឹកកួចបានឡើយ។
ហេតុការណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅទំនប់បង្ហៀរ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ ក្រោយរកសពឃើញហើយ ក្រុមគ្រួសារបានយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលកាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២១ រួចហើយ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ហួន ពែក អាយុ ៧៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូឆ្លងតាមទំនប់បង្ហៀរ ដែលមានទឹកកំពុងហូរខ្លាំងក្លា ជាហេតុធ្វើឲ្យគាត់ដួលម៉ូតូធ្លាក់ចុះទៅក្រោមទំនប់ទាំងមនុស្សនិងម៉ូតូតែម្តង។
តាមរយៈវីដេអូមួយ បានបង្ហាញឲ្យឃើញភាពរន្ធត់នៃទឹកកួចផ្តាច់ជីវិតបុរសវ័យចំណាស់នេះ គឺពេលនោះគាត់បានខំប្រឹងហែលជម្នះខ្សែទឹកហូរឃ្មួលខ្មាញ់អស់មួយសន្ទុះធំ។ ខណៈនោះដែរបងប្អូនប្រជាពលរដ្ឋនៅខាងលើ បានបោះខ្សែដើម្បីឲ្យគាត់តោង ប៉ុន្តែ មើលទៅគាត់ហាក់មិនអាចចាប់ខ្សែបាន ហើយដោយសារតែអស់កម្លាំងខ្លាំង គាត់ក៏ត្រូវទឹកហូរកួចនាំយកទៅបាត់ស្រមោលតែម្តង។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Hun Piesth បានបង្ហោះសារទាំងក្តីសោកសៅថា «ឲ្យខ្ញុំសុំទោសពុកម៉ែពូមីបងប្អូនទាំងអស់គ្នាផង ដែលមិនបានតបខមិនទៅអ្នកទាំងអស់គ្នា ព្រោះខ្ញុំរវល់បំពេញតួនាទីជាកូនរបស់គាត់។រឋីឯ វីដេអូហ្នឹងខ្ញុំបានពីគេជាអ្នកថតពេលជួបហេតុការណ៍នេះទេ ហើយក៏សូមអរគុណអ្នកទាំងអស់គ្នា ដែលចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសាររបស់ខ្ញុំបាទ។ ពេលនេះពុកឃ្លាតឆ្ងាយពីកូនៗរហូតហើយ»។
នេះចាត់ទុកជាគ្រោះធម្មជាតិមួយដែលបងប្អូននៅជនបទស្រុកស្រែចម្ការត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់មានទឹកជំនន់បង្កឲ្យមានគ្រោះថ្នាក់បែបនេះបាន៕