ភ្នំពេញ, កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០២១ ម្សិលមុិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនថៅកែដេប៉ូខ្សាច់ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.ពោល គឺចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ)ប្រមាណ៤០ម៉ឺនដុល្លារអាមេរិក ។
សូមបញ្ជាក់ថា, ជនត្រូវចោទ មានឈ្មោះ លាង សុងលី ភេទប្រុស មានទីលំនៅផ្ទះលេខ ២៧ ផ្លូវលេខ ២០អឺ ភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ ។
បើយោងតាម សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ លាង សុងលី គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ប្លង់ សុផលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ២៥៩ អយង ចុះថ្ងៃទី ២៤ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរលើបណ្ដឹងរបស់ឈ្មោះ តាំង ហ្គិចលៀង ដែលបានប្ដឹងពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីជំពាក់លុយកាក់ ប្រមាណ៤០ម៉ឺនដុល្លារ ហើយចេញសែកសងទៅម្ចាស់បំណុលវិញ ប៉ុន្តែសែកនោះគ្មានលុយសោះ ទើបតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទឲ្យចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។
សូមជម្រាបថា, រហូតដល់ល្ងាចថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២១ ចៅក្រមសើបសួរបានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ លាង សុងលី ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីជំពាក់លុយកាក់ ប្រមាណ៤០ម៉ឺនដុល្លារ៕
ដោយ, សិលា