ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់ដែលមានការប្រមូលផ្តុំគ្នា មិនរក្សាគម្លាត មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩រហូតដល់ឃាត់ខ្លួនជនញៀនល្បែងប្រុសស្រីចំនួន១២នាក់យកមកចាត់ការតាមច្បាប់។ លុះមកដល់ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់។
គួររំលឹកថា នៅវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក
ខណ្ឌប្ញស្សីកែវ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១២ នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀ១កេសធំ និង២សុងតូច រថយន្ត២ គ្រឿង និងម៉ូតូ១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីបន្តនិីតីវិធីបន្តតាមផ្លូវច្បាប់។
បច្ចុប្បន្នជនអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ៖ រ៉ារ៉ា