ប្រតិភូកីឡាជនពិការកម្ពុជា ចូលរួមពិធីបិទប៉ារ៉ាឡាំពិក មុនពេលវិលត្រឡប់មកមាតុប្រទេសវិញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម(CAMSOC) និងតាមរយៈទិសស្លោកថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះថា, ក្រុមប្រតិភូកីឡាពិការកម្ពុជា ដែលមាន២រូប គឺលោក យី សុភក្ត្រា ទទួលបន្ទុកនាយបេសកកម្ម និងកីឡាករ វ៉ាន វ៉ុន ដែលប្រកួតលើវិញ្ញាសាប្រណាំងរទេះ T54 ១០០ម៉ែត្រ បានចូលរួមពិធីបិទជាផ្លូវការ ការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ មុនពេលក្រុមប្រតិភូកីឡាពិការកម្ពុជានឹងត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

លោក យី សុភក្ត្រា បានបញ្ជាក់តាមរយៈសារអេឡិចត្រូនិក ពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ប្រទេសជប៉ុនមកថា បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ទាំងអស់ ម្ចាស់ផ្ទះជប៉ុនបានប្រារព្ធពិធីបិទជាផ្លូវការ ហើយប្រតិភូកីឡាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានចូលរួមក្នុងកម្មវិធីបិទនេះផងដែរ។ «ប្រតិភូកីឡាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងចាកចេញពីប្រទេសជប៉ុន នាវេលាម៉ោង ២២:៥៥ ថ្ងៃទី៧ ខែកញ្ញា (ម៉ោងនៅជប៉ុន) និងគ្រោងមកដល់ប្រទេសកម្ពុជា ម៉ោង១៧:៣០ ថ្ងៃទី៨ ខែកញ្ញា ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានការក្រសួងសុខាភិបាល។ លាហើយ ប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន និងជួបគ្នានៅប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារំាង ឆ្នាំ២០២៤»។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានឧបត្ថម្ភទាំងស្រុង ដល់ក្រុមប្រតិភូកីឡាពិការកម្ពុជា សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រ ប៉ារ៉ាឡាំពិក នៅប្រទេសជប៉ុនលើកនេះ។

ជាមួយគ្នានោះ លោកក៏បានបង្ហាញអំណរគុណចំពោះការជួយផ្សព្វផ្សាយជូនជាតិរបស់សារព័ត៌មានទាំងអស់ និងការគាំទ្រ យកចិត្តទុកដាក់តាមដានរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលផ្តល់ការគាំទ្រ លើកទឹកចិត្តជូនដល់ក្រុមពិការកម្ពុជាជានិច្ច ទោះក្នុងស្ថានភាពបែបណា ក៏ក្រុមកីឡាពិការកម្ពុជាតែងតែទទួលបានការលើកទឹកចិត្ត បង្ហាញពីសាមគ្គីភាព មោទនភាពជាតិ ដោយធ្វើឲ្យប្រភេទកីឡាពិការកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តបន្តបេសកកម្មថ្មីៗ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ ក៏ដូចជាត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួត អាស៊ានប៉ារ៉ាហ្គេម ជាបន្តបន្ទាប់ ជាពិសេសគឺអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។

សូមរំឭកថា សម្រាប់ការប្រកួតរបស់កីឡាករពិការកម្ពុជា វ៉ាន វ៉ុន ទោះបីជាមិនបានឈ្នះមេដាយក៏ពិតមែន ប៉ុន្តែបេក្ខភាពកីឡាករពិការតែម្នាក់គត់របស់កម្ពុជារូបនេះ បានបង្ហាញពីការប្រឹងប្រែងអស់ពីសមត្ថភាព មោទនភាពជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាប្រកួតប្រជែងកម្រិតខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ ដោយបានបំបែកកំណត់ត្រារបស់ខ្លួនឯង២ដង ក្នុងថ្ងៃតែមួយ (ថ្ងៃទី១ ខែកញ្ញា) ពោលគឺបានបំបែកថិរវេលាខ្លួនឯង កាលពីវគ្គជម្រុះ ធ្វើសម្រេចក្នុងថិរវេលា ១៤.៣៩វិនាទី ហើយធ្វើបានក្នុងថិរវេលា ១៤.២១វិនាទី នៅវគ្គផ្តាច់ព្រ័ត្រ។ គេនៅចាំបានថា សមិទ្ធផលថ្មីៗ២លើកចុងក្រោយរបស់កីឡាករជម្រើសជាតិពិការកម្ពុជា វ៉ាន វ៉ុន ក៏ជាការបំបែកកំណត់ត្រាចាស់២លើកកន្លងទៅដែរ គឺព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ វ៉ាន វ៉ុន បានប្រើថិរវេលា ១៥.០២វិនាទី ក៏ដូចជាការប្រកួតជើង ឯកពិភពលោក នៅទីក្រុងឌូបៃ ប្រើថិរវេលា ១៤.៥៧វិនាទី៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print