ខេត្តតាកែវ: ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ស្ថិតនៅត្រង់ចំណុច ភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២១ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវរួចហើយកាលពីព្រឹកថ្ងៃទី៦ខែកញ្ញានេះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រោក ហ៊ី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ បានយកកាំបិតនិងញញួរដេញកាប់ទៅលើឈ្មោះ ឈាង សី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិ-ឃុំ ជាមួយគ្នា បណ្តាលឲ្យរងរបួសស្រាល ដោយសារទំនាស់ពាក្យសម្តី។
ក្រោយពីបានទទួលពាក្យបណ្តឹងនិងការសម្របសម្រួលពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ចុះឃាត់ខ្លួនជន សង្ស័យបានភ្លាមៗ និងរឹបអូសវត្ថុតាងកាំបិតផ្គាក់មួយដើមយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីសាកសួរ និងកសាងសំណុំ ដើម្បីចាត់ការតាមច្បាប់ពីបទប៉ុនប៉ងឃាតកម្មរួចហើយ៕