ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ីបានឲ្យដឹងថា ការដែលមានបេក្ខភាព ដល់ទៅ៣រូបសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងទីក្រុង St. Petersburg គឺមានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ « Boris Vishnevsky» ។ សារព័ត៌មាន AFP បានផ្សាយថា ការដែលមានបេក្ខភាពដល់ទៅ ៣រូប មានឈ្មោះ ត្រកូលដូចគ្នា ប្រជែងតំណែងតំណាងរាស្ត្រទីក្រុង St. Petersburgប្រទេសរុស្ស៊ីគឺជារឿងមិនធ្លាប់មានសម្រាប់បេក្ខភាពឈរឈ្មោះបោះឆ្នោតនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅជុំវិញពិភពលោក។ បេក្ខភាពទាំងបីមានឈ្មោះ Boris Vishnevsky ដូចគ្នា មិនតែប៉ុណ្ណោះ ក៏មានមុខមាត់ដូចគ្នាផងដែរ ។ ដូចជាតំបន់ផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី ទីក្រុង St. Petersburg កំពុងត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងពេលប្រមាណ២សប្តាហ៍ខាងមុន។ ចំណុចខុសប្រក្រតីនៅក្នុងទីក្រុងនេះ គឺបេក្ខភាពទាំងបីរូប មានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ លើកលែងតែ «ឈ្មោះកណ្តាល» តែប៉ុណ្ណោះដែលគេមិនសូវប្រើឡើយ។ បេក្ខភាពទីមួយគឺលោក Boris Lazarevich Vishnevsky ជាមេដឹកនាំគណបក្សប្រឆាំង Yabloko នៅក្នុងសភាតំណាងនៃទីក្រុង St. Petersburg ។ ទីពីរ គឺលោក Boris Ivanovich Vishnevksy ជាជំនួយការអនុប្រធានគណៈកម្មការបង្កើតច្បាប់ទីក្រុង St. Petersburg និងទីបី គឺលោក Boris Gennadievich Vishnevsky ជាអ្នកនយោបាយថ្មី មិនមានភាពល្មីល្បាញនៅក្នុងសង្គមឡើយ។ សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខភាពទាំងបីរូប មាន តែលោក Boris Lazarevich Vishnevskyតែប៉ុណ្ណោះដែលប្រើប្រាស់ឈ្មោះមាននៅក្នុងសំបុត្រកំណត់តាំងពីដើមមក ។ ចំណែកបេក្ខភាពពីររូបផ្សេងទៀត គិមានផ្លាស់ប្តូរឈ្មោះ ដោយមានឈ្មោះដើមគឺ Viktor Ivanovich Bykovនិង Alexei Gennadievich Shmelev ។ សកម្មភាពខាងលើ គឺជាការគេងបន្លំនយោបាយ ក្នុងគោលដៅធ្វើឲ្យពលរដ្ឋទៅបោះឆ្នោត ងាយច្រឡំគ្នាតែប៉ុណ្ណោះ ៕ដោយ៖ធីរីណា
Boris Lazarevich Vishnevsky ជាមួយផ្ទាំងរូបភាពការបោះឆ្នោតដែលមានរូបភាពទាំង Boris Ivanovich Vishnevksy (ពាក់កណ្តាលផ្ទាំងរូបភាព) និង Boris Gennadievich Vishnevsky (ខាងឆ្វេងនៃផ្ទាំងរូបភាព) ។ រូបថត៖ AFP
Boris Vishnevsky (ស្តាំ) និងគូប្រជែងថ្មីដែលត្រូវបានប្តូរឈ្មោះថ្មីពីរនាក់។ រូបថត៖ Guardian.