បុរសម្នាក់បើករថយន្តបុកឡំប្រឺតានៅផ្លូវបំបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលចង្កូតទៅបុកឡំប្រឺតាពេញទំហឹងបណ្ដាលឲ្យប៉ើងក្រឡាប់ជាច្រើនជុំនិងធ្វើឲ្យអ្នកបើកឡំប្រឺតារងរបួសធ្ងន់។ ចំណែកម្ចាស់រថយន្តបង្កហេតុត្រូវបានប្រជាពលរដ្ឋឃាត់ឲ្យនៅដោះស្រាយនឹងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវR៨ កែងនឹងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HE-1237 ធ្វើដំណើរតាមបណ្ដោយផ្លូវR8 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ហើយពេលបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជា៤ ស្រាប់តែគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកBMW ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AH-3299 តាមបណ្តោយផ្លូវR៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុកឡំប្រឺតាចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យឡំប្រឺតាប៉ើងក្រឡាប់ជាច្រើនជុំធ្វើឲ្យអ្នកបើកឡំប្រឺតារងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ហើយបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក ព្រមសងសំណងទាំងអស់ទៅលើភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print