បុរសម្នាក់កាន់កាំបិតដើរកាប់រថយន្តរបស់គេខូចខាតអស់៤គ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះបានកាន់កាំបិតដើរកាប់ទៅលើរថយន្តរបស់ប្រជាពលរដ្ឋដែលចតនៅមុខផ្ទះបណ្តាលឱ្យរងការខូចខាតចំនួន៤គ្រឿង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនបង្កនៅមិនទាន់បានបញ្ចេញអត្តសញ្ញាណនៅឡើយទេ បច្ចុប្បន្នស្នាក់នៅក្នុងបុរីជ្រោយបាសាក់ ជាប់ផ្ទះកើតហេតុ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុបុរសជាជនបង្កបានស្រែកឡូឡាពីផ្ទះរបស់គាត់នៅជាន់ខាងលើ បន្ទាប់មកក៏ឃើញជននេះយកថូផ្កាទម្លាក់ចុះមកក្រោម ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ក្រោយមកទៀតបុរសរូបនេះបានកាន់កាំបិតចុះមកក្រោមដើរស្រែកជេរ និងយកកាំបិតកាប់ទៅលើរថយន្តដែលចតទុកនៅខាងមុខផ្ទះប្រជាពលរដ្ឋចំនួន៤គ្រឿង បណ្តាលឲ្យរថយន្តរងការខូចខាត ប៉ុន្តែពួកគាត់មិនហ៊ានចូលទៅឃាត់ទេ ព្រោះឃើញជនបង្កមានកាំបិតនៅនឹងដៃ។ តែភ្លាមៗនោះម្ចាស់រថយន្តបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើអន្តរាគមន៍ជាបន្ទាន់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់រួចបានទំនាក់ទំនងទៅកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកឃាត់ខ្លួនបុរសជាជនបង្កភ្លាមៗ និង បានឱ្យម្ចាស់រថយន្តទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា ដើម្បីចាត់ការទៅលើជនបង្កតាមនីតិវិធី៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print