ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជូនជនជាតិចិនប្រុសស្រី២នាក់ពាក់ព័ន្ធនឹងករណីកែច្នៃ ជួញដូរគ្រឿងញៀនជិត១០ គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
ជនសង្ស័យទាំង២នាក់ដែលត្រូវបញ្ជូនទៅកាន់តុលាការនោះមានឈ្មោះ៖ ១-ឈ្មោះ YE YU SONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 ។ ២-ឈ្មោះ លីង វេ (LIN WEI) ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (គ្មាន) ។
គួររំលឹកថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបករណីបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀននៅចំណុចផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយបានចាប់ខ្លួនជនជាតិចិនប្រុសស្រី២នាក់ ។
ក្នុងនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖ អុិចស្តាស៊ី (MDMA)ចំនួន៦គីឡូក្រាម៥៤៦,៦៥ក្រាម , មេតំហ្វេតាមីន (ICE)១គីឡូក្រាម ០៨៥,៣៥ក្រាម, អំហ្វេតាមីន ៦០៨,៣៣ក្រាម, កេតាមីន (Ketamine)២២៨,៨៩ក្រាម , នីមេតាហ្សេប៉ាម (Nimetazepam)២គីឡូក្រាម ៥០៣,៨៨ក្រាម ។ សរុបសារធាតុញៀន ទាំងអស់មានទម្ងន់៩គីឡូក្រាម៩៧៣,១០ក្រាម , សារធាតុគីមី៤គីឡូក្រាម៦៨៤,៧០ក្រាម ,ទូរស័ព្ទ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំទៀត ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ៖ រ៉ារ៉ា