រដ្ឋបាល​ខេត្ត​កណ្ដាល​ ចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំឡើង

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល​ នៅ​ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំឡើង ក្រោមអធិបតីភាព​លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នៅមន្ទីពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបេី​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ គង់​ សោភ័ណ្ឌ​ ។

សូមជម្រាបថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានា បានទាន់ពេលវេលា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវយន្តការ និងលិខិតបទដ្ឋាន ច្បាប់នានា ជាច្រើន ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះក៏មាន គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាតួអង្គសំខាន់មួយ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមទាំងជនបរទេស ដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា ទទួលបានការ​ចាក់​វ៉ាក់សាំងគ្រប់ៗគ្នា ដែលនៅក្នុងគោលដៅ មនុស្សប្រមាណ១០លាននាក់ ឬ៦២% នៃប្រជាពលរដ្ឋសរុប​បាន​ចាក់វ៉ាក់សាំង។

ឆ្លៀតឱកាសនេះ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្ដាល​ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលតែងតែចង្អុលបង្ហាញ ផ្តល់អនុសាសន៍ដឹកនាំ និងការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបាន​ដូចខាងក្រោម ៖

• ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់បានចំនួន ៨៥២,៦៣៣ នាក់ ស្មើ ៩៨.៤៧%​ នៃផែនការសរុប ៨៦៥,៩១៥ នាក់។ ក្នុងនោះពុំទាន់បានចាក់ចំនួន ១៣,២៨២ នាក់ ស្មើ ១.៥៣ %។
• កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ១៤៣,៣៨០ នាក់ ស្មើ ៩៩.៦៧% នៃផែនការសរុប ១៤៣,៨៥៩ នាក់។ ក្នុងនោះ អ្នកមិនទាន់បានចាក់ ចំនួន ៤៧៩ នាក់ ស្មើ ០.៣៣%។
• ជារួម ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់ដូសទី១ រួច ចំនួន ៩៩៦,០១៣ នាក់ ស្មើ​៩៨.៦៤% នៃផែនការសរុប ១,០០៩,៧៧៤ នាក់។ ក្នុងនោះ អ្នកពុំទាន់បានចាក់ចំនួន ១៣,៧៦១ នាក់ ស្មើ ១.៤% (ស្រ្តីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗក្នុងពេលយុទ្ធនាការ និងអ្នកមានជំងឺដែលមិនអាចចាក់បាន)។

លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល សម្រេចបានលទ្ធផល​ខ្ពស់​ នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយក​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩។

ក្រុមគ្រូពេទ្យដែលបំពេញការងារក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមកនេះ មានចំនួន​១១៥ក្រុម ដោយក្នុងមួយក្រុម មានគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលចំនួន​១០នាក់ក្នុងនោះក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត​ចំនួន ៧៩ក្រុម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ ចំនួន ៣៦ក្រុម។

ជាមួយគ្នានេះ លោក​ គង់​ សោភ័ណ្ឌ​ សូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA), ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់, ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ, ក្មួយៗ ស.ស.យ.ក ក្រុង ស្រុក យុវជនកាកបាទក្រហម កាយរិទ្ធិ និងក្រុមការងារទាំងអស់ ដែលបានចូលរួមជាចំណែកក្នុងការជួយឱ្យដំណើរការ​ចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានដោយរលូន និងអាចឈានដល់ពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃនេះ ប្រកបដោយភាពជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print