ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ហើយ នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗសរុបជាង១៤០០គ្រឿង ដើម្បីជួយ សង្គ្រោះពលរដ្ឋ ដែលអាចនឹងជួបបញ្ហាគ្រោះមហន្តរាយកដោយទឹកជំនន់ ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ ។
ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់ គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាស ធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ ។
របាយការណ៍ បានបន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដង ទន្លេមេគង្គ សម្រាប់ការត្រៀមលក្ខណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គ ហើយនឹងពង្រឹង និងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ ១២៩៤ និងប្រព័ន្ធPRISM ដោយមានកិច្ច សហការជាមួយអង្គការដៃគូសម្រាប់ឆ្លើយ តប និងអន្តរាគមន៍ជួយសង្គ្រោះ ហើយបានត្រៀមរថយន្តធំចំនួន ១ ២០៦គ្រឿង, អូប័រ ១៧៩គ្រឿង និងកាណូតល្បឿនលឿនចំនួន ៣២០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋរងការប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំនេះ ។
ស្ថាប័នជាតិមួយនេះ ទទួលបានជំនួយរាជរដ្ឋាភិបាល ប្រព័ន្ធស្បៀងបម្រុងកម្ពុជា, ជំនួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គិតជាថវិកាចំនួន ៦ ៤០៩ ៥៦៩ ដុល្លារ, ជំនួយពីស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នជាតិ នូវសម្ភារៈ ស្បៀងអាហារ និងថវិកា, រួមទាំងជំនួយពីស្ថាប័នក្រៅរដ្ឋាភិបាល និងសប្បុរសជន សម្រាប់ចែកជូនពលរដ្ឋរងគ្រោះផងដែរ ។
នៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹក ជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើក ទឹកចិត្តដល់អ្នកពាក់ព័ន្ធនានា ចូលរួមចែករំលែកព័ត៌មាន អំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយ ជាក់លាក់ និងទាន់ពេលវេលា សម្រាប់ការឆ្លើយសង្គ្រោះបន្ទាន់ ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ជា មួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយនៅមូលដ្ឋាន ដែលត្រូវឆ្លើយតបមុន ដូចនេះសហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ដែលចាំបាច់ត្រូវជួយពួកគេឲ្យមានសមត្ថភាពត្រៀមបង្ការ ការឆ្លើយតបទៅនឹងគ្រោះ មហន្តរាយ និងស្ដារឡើងវិញពីគ្រោះ មហន្តរាយ ។
គួរបញ្ជាក់ថា ឆ្នាំ២០២០កម្ពុជាបានទទួល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះ មហន្តរាយជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្ត ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ចំនួន ៥៨នាក់ ពលរដ្ឋរងផលប៉ះពាល់ចំនួន ២២២ ៨៩២គ្រួសារ និងពលរដ្ឋជម្លៀសសរុបចំនួន ១៧ ៥១៧គ្រួសារ ៕
ដោយ៖ សូរិយា