ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានយកអាយឌីវាយទៅលើស្ត្រីម្នាក់បណ្ដាលឲ្យបែកក្បាលធ្លាក់ពីលើម៉ូតូហូរឈាមកក្លាក់នៅពេលដែលចុះអនុវត្តច្បាប់ចរាចរណ៍និងត្រួតពិនិត្យអាវុធជាតិផ្ទុះដឹកនាំដោយផ្ទាល់ពីលោកនេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា។
ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៨និង៤០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដាយផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងរួមដំណើរគ្នា២នាក់មនុស្សប្រុសស្រី ដែលបុរសជាអ្នកបើកបរបើកឆ្លងកាត់គោលដៅត្រួតពិនិត្យដោយគ្មានពាក់មួកសុវត្ថិភាព។ ខណៈនោះសមត្ថកិច្ចក៏បានបោះដៃតាមវិទ្យុទាក់ទង(អាយឌី)ឲ្យគោលដៅកណ្ដាលជួយឃាត់។ ចំណែកម្ចាស់ម៉ូតូបានព្យាយាមបន្ថែមល្បឿន ហើយសមត្ថកិច្ចបានចេញមកស្ទាក់ដើម្បីឲ្យឈប់ តែអ្នកបើកម៉ូតូមិនឈប់ ក៏ត្រូវមន្ត្រីនគរបាលមួយរូបបានលើកអាយឌីវាយទៅលើក្បាលយុវតីរងគ្រោះដែលជិះខាងក្រោយបណ្តាលឲ្យបែកក្បាលធ្លាក់ពីលើម៉ូតូឈាមហូរស្រោចខ្លួនតែម្តង។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះមានមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា តើគួរដែរឬទេ រឿងច្បាប់ចរាចរណ៍ត្រូវតែមានដំណោះស្រាយតាមច្បាប់ចរាចរណ៍ តែការធ្វើទង្វើហិង្សាបែបនេះចំពោះជនរងគ្រោះគឺជាអំពើមួយនៃទោសព្រហ្មទណ្ឌក្នុងការបង្កឱ្យមានរបួសស្នាមដល់អ្នកដទៃ តើអ្នកច្បាប់យល់ដូចម្ដេចដែរ?
ចំពោះបញ្ហានេះសារព័ត៌មាននគរដ្រេហ្គនមិនអាចធ្វើការសុំបំភ្លឺពីលោកនេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបាននោះទេ ខណៈទូរស័ព្ទទៅលោក ពុំមានអ្នកលើក៕
ដោយ ៖ ស សម