ភ្នំពេញ៖ ការគ្រប់គ្រងនិងដឹកសំរាមចេញពីរាជធានីភ្នំពេញនៅក្នុងដំណាក់កាលនេះ យើងឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំហើយ ខណៈដែររាជរដ្ឋាភិបាលបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដើម្បីដឹកជញ្ជូនប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាលក្ខណៈប្រកួតប្រជែងគ្នា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បញ្ហាសំរាមសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ នាពេលនេះមានលក្ខណៈល្អប្រសើរជាងមុន ដោយយើងមានក្រុមហ៊ុនចំនួន៣ ដើម្បីដំណើរការដឹកជញ្ជូននិងប្រមូលសំរាមចេញពីរាជធានីភ្នំពេញទៅចាក់នៅទីលានចាក់ សំរាម ហើយក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ មាន ក្រុមហ៊ុនមួយ អនុវត្តការងារបានល្អជាងគេ នោះគឺក្រុមហ៊ុន Mizuda Group Co.,Ltd បើទោះបីតម្លៃសំរាមក្រុមហ៊ុននេះថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិចក្តី។
លោកបានបញ្ជាក់ថា អ្វីដែលនៅខ្វះខាតមិនទាន់បានល្អនោះ គឺបងប្អូនប្រជាពលរដ្ឋ គាត់បញ្ចេញសំរាមមិនទាន់ពេលវេលានិងមិនត្រូវតាមពេលម៉ោងកំណត់ ។ តែទោះបីជាយ៉ាងណាក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការរឿងនេះ ឲ្យបានល្អប្រសើរ ។ លោកឃួង ស្រេង បានទទួលស្គាល់ថា ការទុកដាក់ និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញមិនទាន់ល្អឥតខ្ចោះនូវឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានានៅជាប់ភូមិផងរបងជាមួយនិងកម្ពុជាយើងដូចជាទីក្រុងហូជីមិញ ទីក្រុងបាងកកជាដើម ។ តែការងារនេះយើងនឹងអនុវត្តអោយល្អបន្តិចម្ដងៗ មិនអោយចាញ់ទីក្រុងរបស់គេឡើយ យើងនឹងធ្វើការងារនេះព្រមព្រមគ្នា ដើម្បីសុខមាលភាព ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ កញ្ញា២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមអធិបតីភាព លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ខណៈដែរក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពីការងារគ្រប់គ្រងសំណល់បរិស្ថាននិងអនាម័យ ដោយបាន សំណូមពរ និងស្នើសុំឲ្យមន្ត្រីបរិស្ថាន ដែលចុះជំរុញការងារការប្រមូលដឹកជញ្ជូនសំរាមតាមតំបន់ គួរបាន ដាក់លេខទូរសព្ទ ដើម្បីសហការផ្ដល់ព័ត៌មានបានលឿនពីបណ្ដាលមូលដ្ឋានដែលមានការកកស្ទះសំរាម៕
ដោយ៖ សំរិត