ភ្នំពេញ៖ គម្រោង និរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាផ្តល់ការបណ្តុះបណ្តាលដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិពី ដំណើរការរៀបចំផែនការនិងការគ្រប់គ្រង។ នេះបេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រុមការងារនៃគម្រោង«និរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ប្រចាំខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីដំណើរការនៃការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទៅដល់ក្រុមប្រឹក្សាឃុំ គណៈកម្មកការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ។
វគ្គបណ្តុះបណ្តាលគឺត្រូវបានរៀបចំឡើងដើម្បីឲ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់បន្ថែមទៀតនូវកិច្ចការមួយចំនួនដូចជា៖
• ការធ្វើសារពើភ័ណ្ឌព្រៃសហគមន៍ដើម្បីវាយតំលៃធនធានព្រៃឈើដោយស្វែងយល់ពីស្ថានភាពព្រៃ កំណត់ប្រព័ន្ធគ្រប់គ្រងសមស្រប និង ពិនិត្យមើលកំណើនមាឌឈើ
• របៀបកំណត់តំបន់ឬក៍ការបែងចែកតំបន់លើផែនទី និងក្នុងព្រៃសហគមន៍ជាក់ស្តែងដើម្បីរៀបចំ ផែនការគ្រប់គ្រងព្រៃសហគមន៍
• ចុះត្រួពិនិត្យឡើងវិញទៅលើតំបន់ដែលបានបែងចែកនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដែលរស់នៅក្នុងឬក្បែរ តំបន់ការពារធម្មជាតិ សំដៅធានាបាននូវលំនឹងធម្មជាតិ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាលក្ខណៈប្រពៃណីរបស់សហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលរាជរដ្ឋាភិបាល ទទួលស្គាល់សិទ្ធិចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕
ដោយ៖សហការី