ភ្នំពេញ, លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, នៅថ្ងៃទី ១០ កញ្ញានេះ ខ្ញុំបានជួបបងស្រី អ៊ឹង ស៊ីវង៉េង អាយុ ៤៨ឆ្នាំ រស់នៅផ្លូវឯករាជ្យ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានដីមួយកន្លែងទំហំ ២០ម X ១០០ម និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រឹមត្រូវ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៣ ស្ថិតនៅភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបន្តថា, ដីខាងលើនេះគឺជាដីកេរ្តិ៍ម្តាយដែលបានបន្សល់ទុកអោយគាត់និងបងប្អូនបង្កើត៣នាក់ទៀតដែលជាដីកេរ្ត៍៥ជំនាន់មកហើយ។ តែចម្លែកអីមានបងប្អូនជីដូនម្នាក់ បានរៀបចំសាក្សីអោយអាជ្ញាធរភូមិ និងឃុំទទួលស្គាល់ ហើយបន្ទាប់មកបានចូលទៅលួចកាប់បំផ្លាញរបងផ្ទះគាត់អស់៧០ម៉ែត្រ ព្រមទាំងកាប់បំផ្លាញដំណាំក្នុងរបងអស់យ៉ាងច្រើនក្នុងគោលបំណងរំលោភយកដីគាត់ ។
បងស្រី អ៊ឹង ស៊ីវង៉េង បានសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការកាប់បំផ្លាញក្នុងដីគាត់។ នៅថ្ងៃទី២២ ខែឧសភា ២០២១ បងស្រីក៏បានដាក់បណ្តឹងទៅតុលាការខេត្តព្រះសីហនុ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់បានទទួលដំណឹងថាយ៉ាងណានៅឡើយទេ។ ទើបនៅថ្ងៃទី ១០ កញ្ញា នេះ បងស្រីបានដាក់លិខិតអន្តរាគមន៍គោរពសុំសម្តេចតេជោមេត្តាជួយគាត់ផង។
ខ្ញុំបានទទួលយកសំណូមពរគាត់មកពិនិត្យមើលរួមទាំងឯកសារផ្លូវច្បាប់ទាំងអស់ដែលបញ្ជាក់ថាបងស្រីពិតជាម្ចាស់ដីពិតប្រាកដ។ ព្រឹកមិញនេះ ខ្ញុំក៏បានខលទៅលោកមេឃុំនៅទីនោះ គឺគាត់នៅទទួលស្គាល់ថាដីខាងលើគឺពិតជាដីកេរ្ត៍ម្តាយដែលបន្សល់ទុកអោយកូនៗទាំង៤នាក់ពិតប្រាកដមែន មិនមែនជារបស់បងប្អូនជីដូនមួយនោះទេ។ ខ្ញុំមានជំនឿថាភាគីម្ខាងទៀតនឹងបញ្ឈប់សកម្មភាពរំលោភបំពាន ឬត្រូវប្រឈមតាមផ្លូវច្បាប់ពីបទចូលកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់។
យើងត្រូវតែរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហក ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ, សិលា