ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (Astra Zeneca) ដែលជាជំនួយដ៏ថ្លៃថ្លារបស់ចក្រភពអង់គ្លេស ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យ តំបន់ប្រតិបត្តិការសឹករងតាកែវ គឺជាការចាក់ដូសជំរុញ (ដូសទី៣) ដែលមានការស្ម័គ្រចិត្តមកទទួលយកការចាក់វ៉ាកសាំងពីសំណាក់ គ្រួសារកងទ័ព ទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ដែលមានចំនួនសរុប ២៥០នាក់ ។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព បានសម្តែងនូវអំណរគុណ និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ តែងតែគិតគូរយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ការខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺសំដៅទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងទាំងស្រុង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងវាយលុកនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ពិសេសវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា (Delta) ដែលមានលក្ខណៈឆ្លងលឿនជាងវីរុសកូវីដ-១៩ធម្មតា និងបានបង្កឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋអស់ជាច្រើននាក់ទៀតផង ៕
ដោយ ៖ ស សម