ខេត្តព្រះសីហនុ-(ដំណឹងបឋម) : យោងតាមរបាយការណ៍បឋមបានអោយដឹងថា, កម្លាំងសមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ រួមមានកម្លាំងនគរបាលក្រោមបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនិតិវិធីផ្លូវច្បាប់ដោយ លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបជនជាតិចិនដែលធ្វើសកម្មភាពបង្ខាំងមនុស្សចាប់ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន១៤នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតបានអាវុធចំនួន៧ដើម(វែង២ដើម ខ្លី៥ដើម)គ្រាប់កាំភ្លើងនិងអាវក្រោះ ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ក្នុងនោះសមត្ថកិច្ចបានរកឃើញនិងជួយរំដោះជនរង គ្រោះជាចំណាប់ខ្មាំងចំនួន ០២នាក់ ជាជនជាតិចិនដូចគ្នា ។
សូមបញ្ជាក់ថា, ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោងជាង៧យប់ ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ នៅចំណុច កាសុីណូ សុីហាវយីងហួយ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះកន្លែងកើតហេតុនៅក្បែរឆ្នេរសមុទ្រទីតាំងជាអគារមានកំពស់៩ជាន់ មានជាន់ខ្លះជាបន្ទប់ Online។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង នាំយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។
សូមជម្រាបជូនផងដែរថា, តាមប្រភពដែលអាចទុកចិត្តបាន បង្ហើបថាមានករណីលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណិតនៅតាមសណ្ឋាគារមួយចំនួនក្នុងក្រុងខេត្តព្រះសីហនុ ដែលពួកគេលួចលេង និងភាគច្រើនជាជនជាតិចិន ព្រមទាំងមិនអនុញ្ញាតឲ្យបុគ្គលិកដែលធ្វើការនៅខាងក្នុងនោះ មិនអាចចេញក្រៅឡើយ។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋសំណូមពរឲ្យគណៈបញ្ជាការឯកភាពខេត្ត ធ្វើការតាមដាននិងស្រាវជ្រាវស៊ើបអង្កេត រកឲ្យឃើញនូវទីតាំងចំពោះការប្រព្រឹត្តបទល្មើសទាំងនោះ ពីព្រោះលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មិនយោគយល់ជាដាច់ខាតចំពោះបទល្មើសដែលកើតមាននៅក្នុងសង្គម ហើយលោកតែងតែមានវត្តមានចុះដឹកនាំបង្ក្រាបដោយផ្ទាល់គ្រប់កាលៈទេសៈ៕
ដោយ ៖ ឆ្លាមសមុទ្រ