ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ អាណត្តិទី ៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ស្វាយរៀង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ។
ឆ្លៀតឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ គណបក្សខេត្ត អនុប្រធានប្រចាំការ គណៈបញ្ជការការយុទ្ធនាការបោះឆ្នោត រួមជាមួយលោក លោកស្រីក្រុមការងារគណបក្ស ពិសេស គណៈបញ្ជការយុទ្ធនាការបោះឆ្នោតថ្នាក់ខេត្ត ទាំងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់បានយកចិត្តទុកដាក់សហការបំពេញភារកិច្ចសម្រេចទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងការចូលរួមដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺរាតក្បាតកូវីដ-១៩ ក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជៀជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ដើម្បីជួយលើកកម្ពស់ក្នុងការចូលរួមចាត់តាំងអនុវត្តការងារសម្រាប់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោកជំទាវក៏បានស្នើដល់ ឯកឧត្តម លោកជំទាវ ត្រូវយកចិត្តទុកដាក់ខ្ពស់លើ ៖
១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ សម្រាប់ប្រើប្រាស់ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ ដោយខិតខំ ជំរុញអ្នកមិនទាន់បានចុះឈ្មោះ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ។
២. គ្រប់ប្រធានគណៈកម្មការនីមួយៗចំណុះឲ្យខេត្តស្វាយរៀង ត្រូវរៀបចំផែនការសកម្មភាព លំអិតជាក់ស្តែងសម្រាប់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ រហូតដល់ចប់ដំណើរការបោះឆ្នោត ។
៣. ការត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ គឺធ្វើឡើងស្របតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍កណ្តាល ដែលការរៀបចំសន្និបាតគណបក្ស ឃុំ សង្កាត់ឱ្យបានរួចរាល់យ៉ាងយូរមុនបំណាច់ខែមករា ឆ្នាំ២០២២។
៤. សូមបន្តពង្រឹងប្រសិទ្ធភាពការងារនៅគ្រប់ឃុំ សង្កាត់ ចាប់ពីក្រោយសន្និបាតគណបក្ស ឃុំ សង្កាតរហូតដល់ថ្ងៃបើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ។
៥. ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ត្រូវជួយគាំទ្រដល់បេក្ខជន ដើម្បីម្ចាស់ការក្នុងការត្រៀមឯកសារស្តីពីស្នាដៃ ទិសដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អ ស្ថានភាព និងការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួនសម្រាប់ធ្វើការឃោសនាតាមការកំណត់នៃច្បាប់។
ជាពិសេស នៅក្នុងបរិការណ៍កូវីដ១៩នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសើ្នឲ្យសមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី៕
ដោយ៖សហការី