ខេត្តកណ្តាល, ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ នាត យា ដែលបាន tag ក្នុងគេហទំព័រ ទីផ្សារលក់រថយន្ត Khmer 24 បង្ហោះផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានខ្លឹមសារថា «ស្នងការរងខេត្តកណ្តាល ហៅមនុស្សស្រីទៅដល់ខេត្តមណ្ឌលគីរី2ថ្ងៃ តែមិនគិតលុយអោយមនុស្សស្រី រកខ្ចីលុយមនុស្សស្រីចេញថ្លៃបាយស៊ីទៀត យកកាំភ្លើងគំរាមមនុស្សស្រី វាថាវាមានកាំភ្លើង ហើយទឹកដីខេត្តកណ្តាលជារបស់វា ប្រយ័ត្នវាបាញ់ មានការរាសឡានមានលុយមិចបានថោកមេស លោកស្នងការ?????»។
ពាក់ព័ន្ធករណីនេះ លោកស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ជាស្នងការរងនគរបាលខេត្តកណ្តាល។
សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា អតីតជាស្នងការរងនគរបាលខេត្តកណ្តាលពិតមែន តែបច្ចុប្បន្នមិនមែនជាស្នងការរងនគរបាលខេត្តកណ្តាល ទៀតនោះទេ ត្រូវបានផ្ទេរភារកិច្ចទៅអង្គភាពផ្សេងរយៈពេលជិតមួយឆ្នាំមកហើយ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕