ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធី Miss Grand Cambodia 2021បានប្រកាសជាផ្លូវការហើយនូវមុខមាត់បេក្ខភាព២៥នាក់ចុងក្រោយដែលនឹងឈានជើងចូលទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនេះដែរគេសង្កេតឃើញមានបេក្ខភាពមានសក្កដានុពលដ៏ទាក់ទាញជាច្រើនចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយក្នុងនោះប៉ូ គីមថេងសុធីតា ត្រូវបានគេស្គាល់ថាជាបេក្ខភាពលេចធ្លោម្នាក់ក្នុងចំណោមបេក្ខភាពដទៃទៀតខណៈដែលនាងក៏ជាបេក្ខភាពពោពេញដោយបទពិសោធន៍រហូតមានទស្សនិកជនជាច្រើនហ៊ានដាក់ក្តីរំពឹងខ្ពស់ថានាងអាចនឹងគ្រងមកុដសម្រាប់ឆ្នាំនេះ។
ប៉ូ គឹមថេងសុទ្ធធីតា មានចំណុចពិសេសជាច្រើនដែលធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាហ៊ានដាក់ក្តីរំពឹងខ្ពស់គឺទីមួយនាងមានមុខមាត់ស្រស់សោភា រូបរាង និងកម្ពស់ដ៏សាកសម។ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា មានអាយុ២៣ឆ្នាំ នាងមានកម្ពស់ ១,៧៥ម៉ែត្រ ទម្ងន់៥៥គីឡូក្រាម ទំហំទាំងបី៤០ ,២៤ និង៤០។នាងមានទីកន្លែងកំណើតនៅរាជាធានីភ្នំពេញហើយពេលនេះនាងគឺជាបេក្ខភាពតំណាងឲ្យខេត្តបាត់ដំបង ។ ចំណុចលេចធ្លោទី២គឺមុនពេលឡើងឆាកប្រកួតនេះនាងធ្លាប់បានឆ្លងកាត់ការចូលរួមកម្មវិធីប្រកួតសម្រស់នៅលើថ្នាក់ជាតិ និងអន្តរជាតិជាមួយនឹងជោគជ័យមិននឹកស្មាន។ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានគ្រងមកុដជាជ័យលាភីតំណែងលេខ៤ ឬ Third Runner Up ពីកម្មវិធី Miss City Tourism World 2017 នៅប្រទេសចិន ។ នាងធ្លាប់ជាកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ឆ្នាំ ២០១៩ និងជាអតីតម្ចាស់ជ័យលាភីលេខ៤នៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡថែមទៀតផង។ ទី៣បេក្ខភាពរូបនេះគឺជាតារាសម្តែងក្នុងភាពយន្តខ្នាតធំមួយគឺរឿង” នាឡិការដាស់វិញ្ញាណវគ្គ២” ដែលជាស្នាដៃផលិតភាពយន្តខ្នាតធំរបស់ផលិតកម្មLD Picture ។ នាងត្រូវបានជ្រើសរើសនាងគឺជាតួឯកស្រីដោយការថតរួមគ្នាជាមួយតារាសម្តែងប្រុសស្រស់សង្ហា របស់មីយ៉ាន់ម៉ា គឺលោក ផាងតាកន។ ក្នុងភាពយន្តនេះនាងត្រូវហ្វឹកហាត់និយាយ និងសិក្សាជាភាសាមីយ៉ាន់ម៉ាផងដែរ។ ទី៤នាងគឺជាបេក្ខភាពដែលធ្លាប់បានចេញមុខបង្ហាញឆន្ទៈក្នុងការតស៊ូមតិទាមទារលើសិទ្ធិសេរីភាពភាព និងភាពស្មើមុខមាត់សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងធ្លាប់ចូលរួមធ្វើជាគណកម្មការបវរកញ្ញាភេទទី៣Miss Queen Cambodia 2020 និងកញ្ញាឯកចក្រវាឡកម្ពុជា ២០២០ផងដែរ។ ចុងក្រោយនាងជាមនុស្សស្រីដែលមានភាពក្លាយហាន មានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនប្រកបដោយទំនុកចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ជាបន្តបន្ទាប់ ដោយជម្នះនូវការមើលងាយ ជំរុញកម្លាំងចិត្ត និងតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យ។
គួរបញ្ជាក់ដែរថាកម្មវិធីប្រកួត Miss Grand Cambodia 2021 នឹងបើកការប្រកួតឈុតហែលទឹកនៅថ្ងៃទី២០ ខែកញ្ញាហើយនៅ ថ្ងៃទី២១ខែកញ្ញា គឺជាកម្មវិធីប្រកួតឈុតតំណាងជាតិ ។ ថ្ងៃទី២២ ខែកញ្ញាគឺជាកម្មវិធីប្រកួតបឋម ខណៈដែលថ្ងៃប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១នេះ៕