ភ្នំពេញ ៖ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនជាប់ចោទទៅកាន់សាលាដំបូងពាក់ព័ន្ធនឹងបទល្មើស ឆបោក ។
ប្រភពបានឲ្យដឹងថា ជនជាប់ចោទដែលចាប់ខ្លួនឈ្មោះ អាន អេង អាយុ៤៨ឆ្នាំ រស់នៅភូមិ កំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មានមុខរបរជាកសិករសម័យទំនើប ។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ អាន អេង គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៦២ ដ.ច.ន ចុះថ្ងៃទី ០៣សីហា ឆ្នាំ២០២១ របស់ចៅក្រម សាន ប៊ុនធឿន ជាចៅក្រមស៊ើបសួរ ដែលបានចោទប្រកាន់ឈ្មោះ អាន អេង ពីបទឆបោក ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នគរបាលខេត្តកណ្ដាល បានប្រទះឃើញឈ្មោះ អាន អេង នៅចំណុចភូមិ ព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនជាប់ចោទ កំពុងស្ថិតក្នុងដំណាក់កាល ចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ រ៉ារ៉ា