ភ្នំពេញ៖ រថយន្ត lexus rx330 មួយគ្រឿងបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រលប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹង ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បន្ទាប់មកម្ចាស់រថយន្តបានពឹងពាក់ប្រជាពលរដ្ឋជួយរុញចូលក្នុងសាលាបឋមសិក្សាទួលគោក រួចក៏នាំគ្នាគេចខ្លួនបាត់អស់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត lexus rx330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AO-5972ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ៥២៨ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលរលំអស់មួយកង់។ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ត្រូវបានម្ចាស់រថយន្តពឹងពាក់ប្រជាពលរដ្ឋជាច្រើននាក់ជួយរុញរថយន្តយកមកប្លុងចោលក្នុងសាលារៀនបឋមសិក្សាទួលគោករួចនាំគ្នាគេចខ្លួនបាត់អត់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ