ខេត្តកំពង់ស្ពឺ÷នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំង៦រូប រួមមានលោក ហ៊ុន ម៉ានី,លោក សំ រិទ្ធី,លោកអ៊ូ សំអួន,លោកសុខ ប៊ន,លោកសត្យា វុធ និង លោក តុង សេង បាននាំយកអំណោយជា អង្ករ មី ត្រីខ ទឹកសុទ្ធ ម៉ាស និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺរួមមាន៖ ស្នងការដ្ឋាននគរបាល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ,បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងខេត្ត និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។
លោកហ៊ុន ម៉ានី ក្នុងនាមអ្នកតំណាងរាស្រ្តទាំងអស់ដែលមានវត្តមាននាឱកាសនោះ បានធ្វើការថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់នៃខេត្តកំពង់ស្ពឺ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការពារជាតិ ប្រជាជន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជួយសង្រ្គោះជីវិតពីគ្រោះធម្មជាតិនានា មិនថាក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ឬដំណាក់កាលផ្សេងទេ គឺកងកម្លាំងទាំងអស់មានបេសកកម្មយ៉ាងសំខាន់ជូនជាតិ។ ជាមួយគ្នានោះផងដែរ អស់លោកអ្នកតំណាងរាស្ត្រក៏បាននាំមកនូវសម្ភារៈវេជ្ជសាស្រ្តដែលរួមមាន ម៉ាស៊ីនបង្កើតអុកស៊ីហ្សែន អាល់កុល និងទឹកសុទ្ធ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ទៅជូនមន្ទីរសុខាភិបាលផងដែរ។
ថ្លែងជំនួសមុខឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ទីរសុខាភិបាលដែលទទួលបានអំណោយក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តបានធ្វើសេចក្តីថ្លែងអំណរគុណដល់ឯកឧត្តមអ្នកតំណាងរាស្រ្តទាំង ៦រូប ដែលតែងតែបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់បងប្អូនជាមន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋរងគ្រោះមិនមានដាច់។ កាយវិការដ៏ប្រពៃនៃតំណាងរាស្រ្តទាំងអស់នេះពិតជាបានផ្តល់នូវភាពកក់ក្តៅ និងសេចក្តីសុខដល់ប្រជាពលរដ្ឋស័ក្តិសមទៅនឹងជំនឿជាក់ និងទំនុកទុកចិត្តរបស់ពួកគាត់ដែលបានផ្តល់ជូនតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងពេលកន្លងទៅ។
ជានិច្ចជាកាល តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនិយាយជារួម និងដល់កងកម្លាំង ក្រុមគ្រូពេទ្យនិយាយដោយឡែកដែល កំពុងឈរជើងប្រចាំការ ប្រយុទ្ធនឹងជំងឺឆ្លងកាចសាហាវ កូវីដ ១៩។ បើទោះជាស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ស្ពឺកំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន តែក្រុមការងារទាំងអស់នៅបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដោយបន្តតាមដានជាប់ជាប្រចាំ៕
ដោយ៖ សូរិយា