ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy តាមរយៈស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងក្រសួងបរិស្ថាន ជូនទៅ ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី។
នាឱកាសនោះលោក ផៃ ប៊ុនឈឿន បានផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការថែទាំ និងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះឱ្យបានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងបរិស្ថាន ដែលបានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដើម្បីរៀបចំរថយន្តនេះចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រោះបន្ទាន់នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល៕
ដោយ៖សហការី