ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅ ២នាក់ប្តីប្រពន្ធ ប្តីឈ្មោះ ហុក ហេង អាយុ៤៣ឆ្នាំ រស់នៅផ្ទះលេខ១០៣
ផ្ក្លូវក្លាស្ទ័រ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហុក ហេង កាលពីអំទ្បុងខែកុម្ភៈឆ្នាំ២០២១មានគម្រោងទិញដីមួយកន្លែងនៅស្រុកស្អាង ខេត្តកណ្ដាល ទើបជនសង្ស័យបានថតចម្លងឯកសារដីខាងលើនេះទៅឲ្យឈ្មោះ អ៊ូច វណ្ណៈ រៀបឯកសារវាយតម្លៃប្រាក់កម្ចីពីធនាគារមួយកន្លែង ដោយគម្រោងរបស់ជនសង្ស័យ គឺត្រូវការប្រាក់កម្ចីចំនួន៧០,០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) ប៉ុន្ដែក្រោយពីសិក្សាវាយតម្លៃឯកសាររួច ខាងធនាគារអាចអនុម័តប្រាក់ឲ្យជនសង្ស័យត្រឹមតែ ៤០,០០០ដុល្លារ (បួនម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ មិនគ្រប់យកទៅទិញដីឡើយ ទើបឈ្មោះ អ៊ូច វណ្ណៈ ណែនាំឱ្យជនសង្ស័យខ្ចីប្រាក់ពីឈ្មោះ ងាប គា ដែលជាដើមបណ្តឹងចំនួន១៥,០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ដើម្បីយកទៅកក់ដីខាងលើសិន ហើយឈ្មោះ អ៊ូច វណ្ណៈ នឹងរត់ឯកសារជាមួយធនាគារផ្សេងអាចបានប្រាក់ច្រើនជាងមុន ។
ក្រោយពីជនសង្ស័យបានយកប្រាក់ពីឈ្មោះ ងាប គារួចមក ជនសង្ស័យបានយកប្រាក់នោះទៅកក់ដីចំនួន១០,០០០ ដុល្លារ(មួយម៉ឺនដុល្លារអាមេរិក) រួចឈ្មោះ អ៊ូច វណ្ណៈ បានយកឯកសារដីទៅរត់ការប្រាក់កម្ចីនៅធនាគារផ្សេងទៀត ប៉ុន្តែធនាគារផ្សេងនោះក៏នៅតែអនុម័តប្រាក់កម្ចីបានត្រឹមតែ ៤០,០០០ដុល្លារ (បួនម៉ឺនដុល្លារអាមេរិក) មិនគ្រប់តម្លៃទិញដីឡើយ ទើបជនសង្ស័យសម្រេចចិត្តមិនប្រើកម្ចីពីធនាគារវិញ រីឯប្រាក់កក់ដីក៏ត្រូវដាច់ ចំណែកប្រាក់ដែលនៅសល់យកទៅរកស៊ីក៏ក្ស័យធនអស់ ។
លុះមកដល់អំឡុងខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យក៏បានចេញមូលប្បទានបត្រសម្រាប់ទូទាត់ប្រាក់ចំនួន១៩,០៥០ដុល្លារ (មួយម៉ឺនប្រាំបួនពាន់ហាសិបដុល្លារអាមេរិក) ទៅឲ្យឈ្មោះ ងាប គា តាមរយៈមូលប្បទានបត្រមួយសន្លឹកលេខ ៨៤៨០៥៥ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ កាលបរិច្ឆេទបើកប្រាក់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។ ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់ គឺគណនីធនាគារខាងលើរបស់ជនសង្ស័យមិនមានប្រាក់នោះទេ ទើបឈ្មោះ ងាប គា មិនអាចបើកប្រាក់បាន រួចក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចប្បន្នជនសង្ស័យ ឈ្មោះ ហុក ហេង កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា