ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់កងកម្លាំងសមត្ថកិច្ចចម្រុះការពារព្រំដែនគោកបានឲ្យដឹងថា÷វេលាម៉ោងទៀបភ្លឺ
ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១កម្លាំងចម្រុះ
ការពារព្រំដែន បានចុះល្បាតឃើញពលករខ្នែរប្រុសស្រី០៩នាក់បង្រុងឆ្លងដែនចូលទឹកដីប្រទេសថៃ ក្នុងគោលបំណងជ្រកកោនស្វែងរកការងារធ្វើ និងដើម្បីដើរសុំទាន ក្រោមការនាំផ្លូវរបស់មេខ្យល់ដែលល្មើសច្បាប់ បន្ទាប់មកត្រូវបានកម្លាំងសមត្តកិច្ចចម្រុះឃាត់ខ្លួន។
ពលករខ្មែរដែលឃាត់ខ្លួនខាងលើសរុបចំនួន ៩នាក់ ក្នុងនោះមានស្រីចំនួន ៣នាក់ រួមទាំងជនពិការចំនួន ៤នាក់ផងដែរ ទាំងអស់គ្នាប្រុងឆ្លងដែនចូលក្នុងទឹកដីប្រទេសថៃ ប៉ុន្តែត្រូវស្ទះចេញមិនរួចដោយសារទឹកអូរព្រំដែនជន់ឡើងខ្លាំង ក៏ថយក្រោយមកវិញដើម្បីរងចាំឲ្យទឹកស្រក គាប់ជួនពេលនោះក៏បានជួបប្រទះជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាត ក៏សង្ស័យត្រូវកម្លាំងល្បាតព្រំដែនហៅមកសាកសួរតែម្តងនៅវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ចំណុចព្រំដែនក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីពលករឆ្លងដែនខុសច្បាប់ខាងលើក្រោយការសាកសួរ សមត្ថកិច្ចបាននាំខ្លួន ហើយអប់រំណែនាំតម្រូវឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត ហើយឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕
ដោយ ៖ ស សារ៉េត