ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមក ៣លានដូសទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយៈលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស។
នៅក្នុងការធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអក និងប្រាប់ទៅក្រុមអង្គការ មួយចំនួននៅប្រទេសកម្ពុជា ដែលបានស្នើសម្តេចឲ្យធ្វើការលុបចោលគោលការណ៍វ៉ាក់សាំងកាតព្វកិច្ចនោះ សូមស្នើទៅប្រធានាធិបតីអាមេរិកផង ខណៈប្រទេសអាមេរិកបានយកវ៉ាក់សំាងនេះធ្វើជាគោលការណ៍កាតព្វកិច្ចដោយបង្ខំឲ្យមន្រ្តីសហព័ន្ធរបស់ខ្លួនធ្វើការចាក់វ៉ាក់សាំងដែរនោះ៕
ដោយ, សុខ ខេមរា