ខេត្តបន្ទាយមានជ័យ÷ព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ បានអញ្ជេីញត្រួតពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា តាមផែនការ ការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២នេះ ដោយក្រុមរថយន្តចល័ត កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅកៀកផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី២ រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី២នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕
ដោយ៖ សូរិយា