ភ្នំពេញ៖ ប្រុស ស្រី៣នាក់ បើករថយន្តស៊េរីទំនើប ម៉ាករ៉េងរ៉ូវ័រ ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុករបងអគារកម្ពស់៤២ជាន់ រួចបន្តទៅបុកដើមឈើបាក់អស់១ដើមទៀតរាបដល់ដី ហើយបានបន្ថែមល្បឿនបើករត់ទាំងដាច់កង់មុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានទាំងម្ចាស់ និងរថយន្តបង្ក កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅក្បែរស្ទុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញប្រុស ស្រី៣នាក់ បើករថយន្តស៊េរីទំនើប ម៉ាករ៉េងរ៉ូវ័រ សេរី២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8388 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាបតែរថយន្តបង្កបួងចង្កូតបទស្ដាំ តែយកចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងបាំងសីអគារ៤២ជាន់ ហើយរថយន្តមិនទាន់អស់ល្បឿនលឿន ក៏ជ្រុលទៅបុកដើមឈើបណ្តាលអោយបាក់អស់មួយដើម រាបដល់ពាក់កណ្ដាលផ្លូវ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់ទាំងរថយន្តដាច់កង់ខាងឆ្វេង ដោយមួយសន្ទុះក្រោយមករថយន្តបង្កបានបើកទៅដល់ផ្លូវព្រះនរោត្តមនៅចំណុចខាងត្បួងជិតវិមានឯករាជ្យប្រហែល២០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាកាក់អោយឈប់ដើម្បីសួរនាំ ពេលនោះដែរប្រុស ស្រីដែលជាម្ចាស់រថយន្តបង្កបានប្រកែតថា ខ្លួនមិនបានបុកទេ ដោយរថយន្តរបស់ពួកគេគ្រាន់តែបែកកង់ប៉ុណ្ណោះ លុះពេលដែលសមត្ថកិច្ចមូលដ្ឋានបានមកដល់ ទើបដឹងថា បុកដើមឈើ និងរបងបាំងសីរបស់អគារ៤២ជាន់ប្រាកដមែន ។
ភ្លាមៗនោះដែរ ជនបង្កក៏បានទូរស័ព្ទហៅគ្នាឲ្យមកជួយអន្តរាគមន៍ ដោយមានសុទ្ធសឹងតែរថយន្តស៊េរីទំនើប ដើម្បីរំដោះគ្នាអោយចេញពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋទន្លេបាសាក់ ហើយរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញ់បានវាស់វែង យករថយន្តបង្ក រួមទាំងម្ចាស់នោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ជីម ភារ៉ា ដង្កោ