ភ្នំពេញ, នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ សូមធ្វើការបំភ្លឺចំពោះអ្នកសារព័ត៌មាន និងសាធារណៈជន ដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត ពីការចោទប្រកាន់ខុសពីការណ៍ពិតមកលើលោក ពីសំណាក់ លោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បលយូ លីស៊ីន ថេកណូឡូជី (TW LI XIN TECNOLOGY CO., TD) ! ។ យោងលិខិតផ្លូវការដែលអង្គភាព”នគរដ្រេហ្គន” ទទួលបានមុននេះបន្តិច ដោយបញ្ជាក់ទាំងស្រុងថា, លិខិតបំភ្លឺ:
ខ្ញុំបាទឈ្មោះ ស៊ុន ហួរ អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤២E០ ផ្លូវលេខ ១៩៤ ក្រុម១៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមធ្វើការបំភ្លឺចំពោះអ្នកសារព័ត៌មាន និងសាធារណៈជន ដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត និងមានការចោទប្រកាន់ខុសពីការពិតមកលើខ្ញុំបាទ ស៊ុន ហួរ ដែលកន្លងមកលោក ជី កានយូ នាយកក្រុមហ៊ុន ធីដាប់បលយូ លីស៊ីន ថេកណូឡូជី (TW LI XIN TECNOLOGY CO., TD) បានចោទប្រកាន់ខ្ញុំបាទ ស៊ុន ហួរ ថាបានលក់ដីខ្យល់ ហើយគេចវេសមិនព្រម ប្រគល់ប្រាក់ចំនួន ៦៦ម៉ឺនដុល្លារអាមេរិក ដែលជាប្រាក់កក់ជូនលោក ជី កានយូ វិញ ៖
ដំណើររឿង៖
នៅដើមឆ្នាំ២០១៨ ខ្ញុំបាទ ស៊ុន ហួរ បានចុះកិច្ចសន្យាទិញ-លក់ដីទំហំ ៥៨ម x ១៦០ម ស្មើនឹងទំហំ ៩២៨០ម២ (ប្រាំបួនពាន់ពីររយប៉ែតសិបម៉ែត្រការ៉េ) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយលោក ជី កានយូ ជានាយកក្រុមហ៊ុន ធីដាប់បេលយូលីស៊ីន ថេកណូឡូជី (TW LI XIN TECNOLOGY CO., TD) ក្នុងតម្លៃ ៣៥៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។ ក្នុងពេលចុះកិច្ចសន្យា ទិញ-លក់ដីខាងលើនេះខ្ញុំបាទ ស៊ុន ហួរ បានទទួលប្រាក់ចំនួន ២លើក ដោយមួយលើកៗចំនួន 330,000USD (សាមសិបបីម៉ឺនដុល្លារអាមេរិកដូចនេះសរុបទាំង២លើក ស្មើនឹង 660,000USD (ហុកសិបប្រាំមួយម៉ឺនដុល្លារអាមេរិក)។ ក្នុងការទិញលក់ដីខាងលើនេះខ្ញុំបាទ ស៊ុន ហួរ ហ៊ានទទួលប្រាក់កក់នេះ ដោយសារខ្ញុំបាទជាម្ចាស់ដី ដោយសំអាងទៅលើលិខិតប្រគល់សិទ្ធិកាន់កាប់បន្ត ចុះថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧ និងមានប្លង់បង្ហាញទីតាំងដីរបស់ឈ្មោះ ង៉ែត សារិន ចុះថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០០៦។ ក្នុងការទិញ-លក់ដីគឺទុករយៈពេល១ឆ្នាំ ដើម្បីឱ្យខ្ញុំបាទ ស៊ុន ហួរ ធ្វើប្លង់កម្មសិទ្ធិ ដោយកាត់ឈ្មោះ ពីឈ្មោះ ង៉ែត សារិន មកដាក់ឈ្មោះខ្ញុំបាទ ស៊ុន ហួរ ហើយនិងកាត់ឈ្មោះបន្តពីខ្ញុំបាទ ស៊ុន ហួរ ទៅដាក់ឈ្មោះភាគីលោក ជី កានយូ ដោយផ្អែកលើលិខិតប្រគល់សិទ្ធិកាន់កាប់បន្ត ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ និងអាចពន្យារពេលបាន ០៦ខែ។
ក្រោយមកដើម្បីជាការទុកចិត្ត និងដើម្បីប្រកាសពីជំហរនៃការទទួលខុសត្រូវនៅក្រោយពេល ប្រគល់ប្រាក់លើកទី១ ចំនួន 330,000USD (សាមសិបបីម៉ឺនដុល្លារអាមេរិក) រួចមកភាគីអ្នកទិញ (ឈ្មោះ ជី កានយូ) បានឱ្យខ្ញុំបាទ ស៊ុន ហួរ ដាក់ទ្រព្យធានាចំនួន ៥កន្លែងដែលទ្រព្យទាំងនោះរួមាន៖
ក-វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០១០២០៣-០៤០៣ ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៥ មានទំហំ ៩៦១ម២។ (ដីនេះមានតម្លៃ 2,500USD (ក្នុងមួយម៉ែត្រការ៉េ)
ខ-វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០៣០៣០៣-០៣៧៦ ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦ មានទំហំ ១៩៦៧ម២។ (ដីនេះមានតម្លៃ 2,000USD ក្នុងមួយម៉ែត្រការ៉េ)
គ-ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ២២ហិកតា ស្ថិតនៅភូមិ២៣ សង្កាត់កោះរ៉ុងសន្លឹម ចុះថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៧ ។ (ដីនេះមានតម្លៃ 100USD ក្នុងមួយម៉ែត្រការ៉េ)
ឃ-កិច្ចសន្យាលក់ផ្ដាច់ដីទំហំ ១០០ម X ៣០០ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១១ ។ (ដីនេះមានតម្លៃ 500USD ក្នុងមួយម៉ែត្រការ៉េ)
ង-កិច្ចសន្យាលក់ផ្តាច់ដីទំហំ ៦០,៣៩៨ ម៉ែត្រការ៉េ (២០០ម X ២៨៧ម ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះថ្ងៃទី២០ ខែ សីហា ឆ្នាំ២០០៧ ។ (ដីនេះមានតម្លៃ ២០០USD ក្នុងមួយម៉ែត្រការ៉េ)
ពាក់ព័ន្ធនឹងការទិញ-លក់ដីខាងលើនេះ ខ្ញុំបាទ ស៊ុន ហួរ បានប្រមូលទិញដីតាមរយៈឈ្មោះ យូ ណារិន ហៅ ង៉ែត សារិន តែដោយសារតែឈ្មោះ ង៉ែត សាវិន ហៅ យូ ណារិន មិនបានសហការបំពេញកិច្ច ធ្វើប្លង់កម្មសិទ្ធិឱ្យខ្ញុំបាទ ស៊ុន ហួរ ទើបខ្ញុំបាទបានដាក់ពាក្យបណ្ដឹងទៅតុលាការនៅខេត្តព្រះសីហនុ និងបន្តរហូតដល់តុលាការកំពូល ចុងក្រោយតុលាការកំពូលបានសម្រេចជាស្ថាពរ ដោយសម្រេច ទទួលស្គាល់ដីទំហំ ៥៨ម៉ែត្រការ៉េ គុណនឹង១៦០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ខ្ញុំបាទ ស៊ុន ហួរ និងបង្គាប់ឱ្យមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងសុរិយោដីព្រមទាំងអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ចេញបណ្ណកម្មសិទ្ធិឱ្យ ដូចមានក្នុងសាលដីកាលេខ ១៥៤-ញ ចុះថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៩ ។ នៅក្នុងចំណាត់ការ នីតិវិធីតុលាការនាពេលកន្លងមករហូតទទួលបានសាលក្រម និងសាលដីកាជាហូរហែ ខ្ញុំបាទ ស៊ុន ហួរ តែងតែជូនដំណឹងទៅភាគីអ្នកទិញ (ជីកានយូ) ជានិច្ចព្រមទាំងបានផ្តល់ឯកសារសេចក្ដីសម្រេចរបស់ តុលាការឱ្យដឹងទៀតផង។ ចំពោះការយឺតយ៉ាវពេលវេលាខុសពីការកំណត់ក្នុងកិច្ចសន្យា គឺខ្ញុំបាទ ស៊ុន ហួរ តែងតែទំនាក់ទំនង និងបានមកជួបតាមការណាត់ជួបរបស់ភាគីអ្នកទិញ (ជី កានយូ) ដោយបង្ហាញហេតុផល ខាងលើនេះឱ្យអ្នកទិញបានដឹងឮទៀតផង។
-ការទិញ-លក់ដីរវាងខ្ញុំបាទ ស៊ុន ហួរ និងលោក ជី កានយូ នេះ គឺខាងភាគីចិនលោក ជី កានយូ បានដឹងយ៉ាងច្បាស់ថា ដីនេះគឺកំពុងមានទំនាស់មានបញ្ហាតែភាគីលោក ជី កានយូ នៅតែមានឆន្ទៈ ចង់ទិញដីដែលមានទីតាំងខាងលើនេះ ដូច្នេះលោក ជី កានយូ ក៏បានទុកពេលវេលាឱ្យខ្ញុំបាទ ស៊ុន ហួរ ធ្វើការងារដោះស្រាយដីទំនាស់ខាងលើនេះ និងប្ដឹងទៅតុលាការ ដោយប្រើរូបភាពចុះកិច្ចសន្យាទិញ-លក់ដី ដើម្បីបានទិញដីខាងលើនេះដោយគ្មានទំនាស់ និងកាត់ឈ្មោះមកលោក ជី កានយូ ហើយឈានដល់ការកក់ប្រាក់ ចំនួន២ដំណាក់កាល លើកទី១ចំនួន 330,000USD (សាមសិបបីម៉ឺនដុល្លារអាមេរិក) និងលើកទី២ចំនួន330,000USD (សាមសិបបីម៉ឺនដុល្លារអាមេរិក) ដូចនេះសរុបទាំង២លើកស្មើនឹង 660,000USD (ហុកសិបប្រាំមួយម៉ឺនដុល្លារអាមេរិក)។ មិនតែប៉ុណ្ណោះលោក ជី កានយូ បានដឹង យ៉ាងច្បាស់ថា ឯកសារកាន់កាប់ដីខាងលើនេះមិនមែនដាក់ឈ្មោះខ្ញុំបាទ ស៊ុន ហួរ ទេ (ក្នុងកិច្ចសន្យា ខ្ញុំបាទ ស៊ុន ហួរ ថាជាដីរបស់ខ្លួនតែឱ្យកូនចៅឈរឈ្មោះដើម្បីទិញ) ដូចនេះខ្ញុំបាទ ស៊ុន ហួរ ធានារត់កាត់ឈ្មោះ ពីកូនចៅដែលបានឈរឈ្មោះមកឱ្យភាគីចិន ។ នេះបញ្ជាក់ឱ្យដឹងថា ភាគីចិនបានដឹងយ៉ាងច្បាស់ថា ដីខាងលើនេះវាមានបញ្ហារួចទៅហើយ ហេតុដូច្នេះហើយទើបភាគីចិន សុខចិត្តកក់ប្រាក់ ជាបន្តបន្ទាប់ ដែលសរុប មានចំនួន ៦៦ម៉ឺនដុល្លារអាមេរិក ដោយទុកពេលវេលាឱ្យខ្ញុំបាទ ស៊ុន ហួរ ដើម្បីរត់ការធ្វើម៉េចបានកាត់ឈ្មោះ ដីហ្នឹងទៅភាគីលោក ជី កានយូ ដែលជាថ្នូរត្រឡប់មកវិញ តម្រូវឱ្យខ្ញុំបាទ ស៊ុន ហួរ ដាក់ទ្រព្យធានាចំនួន ៥កន្លែងទៅឱ្យភាគីចិនគ្រប់គ្រង ដើម្បីធានារត់ការបើបាន ឬមិនបានដើម្បីកុំឱ្យបាត់បង់លុយ ដែលបាន ប្រគល់ឱ្យទៅខ្ញុំបាទ ស៊ុន ហួរ រួមចំនួន ៦៦ម៉ឺនដុល្លារអាមេរិក ដូច្នេះហើយទើបភាគីចិនទុកពេលឱ្យខ្ញុំបាទ ស៊ុន ហួរ រត់ការ ហើយខ្ញុំបាទក៏បានខិតខំធ្វើកិច្ចការនេះតាមផ្លូវច្បាប់រហូតឈ្នះក្ដីដល់តុលាការកំពូល ដោយ មានសាលដីកាស្ថាពររបស់តុលាការកំពូល ដោយសម្រេចឱ្យជំនាញសុរិយោដីចេញប័ណ្ណកម្មសិទ្ធិឱ្យទៀត ប៉ុន្តែដល់ពេលចុះអនុវត្តសាលដីកាត្រូវបានរាំងស្ទះដល់បច្ចុប្បន្ន ហើយកិច្ចការទាំងអស់នេះក៏បានឱ្យដំណឹង លោក ជី កានយូ បានដឹងជាហូរហែជាប់រហូត។
ដោយសារខ្ញុំបាទ ស៊ុន ហួរ ដោះស្រាយការងារខាងលើមិនទាន់ចប់ ដូចនៅក្នុងកិច្ចសន្យា
– ខ្ញុំបាទ ស៊ុន ហួរ បានជូនដំណឹងទៅភាគីចិន ដោយមានលិខិតជាលាយលក្ខណ៍អក្សរត្រឹមត្រូវ ដោយដាក់ពាក្យស្នើសុំ ជួបជាមួយភាគីចិនដើម្បីជួបជជែកគ្នាហើយក៏បានជួបជជែកគ្នារវាងខ្ញុំបាទ ស៊ុន ហួ និងភាគីចិនលោក ជី កានយូ ពាក់ព័ន្ធនឹងការងារទីតាំងដីទាំងអស់ខាងលើនេះ ការជួបជជែកនេះគឺដើម្បីរកដំណោះស្រាយ ក្នុងនោះភាគីខ្ញុំបាទ ស៊ុន ហួរ បាន៖
-ស្នើសុំឱ្យភាគីលោក ជី កានយូ ប្រគល់ប័ណ្ណកម្មសិទ្ធិច្បាប់ដើម ចំនួន ៥សន្លឹក ដែលខ្ញុំបាទ ស៊ុន ហួរ បានដាក់តម្កល់កន្លងមកនោះមកឱ្យខ្ញុំបាទវិញ ហើយខ្ញុំបាទ ស៊ុន ហួរ ស្ម័គ្រចិត្តប្រគល់ប្រាក់កក់ចំនួន ៦៦ម៉ឺនដុល្លារអាមេរិក ឱ្យទៅភាគីលោក ជី កានយូ វិញនេះជាជម្រើសទី១។
-ជម្រើសទី២ ប្រសិនបើភាគីចិនលោក ជី កានយូ នៅតែចង់បានដីភាគីចិនត្រូវឱ្យជំនាញ ដែលច្បាប់អនុញ្ញាតឱ្យវាយតម្លៃដីទាំង៥ទីតាំងដែលខ្ញុំបាទ ស៊ុន ហួ បានដាក់តម្កល់កន្លងមក ថាទីតាំងដី ទាំង៥កន្លែងនេះ វាស្មើនឹងប៉ុន្មាន ឬយកទីតាំងដីណាមួយក៏បាន ព្រោះបើពិនិត្យមើលជាក់ស្តែង ទំហំដីទាំង ៥ទីតាំងដែលខ្ញុំបាទ ស៊ុន ហួរ បានដាក់តម្កល់នោះមានតម្លៃវាលើសពីទំហំដី ដែលមាននៅក្នុងកិច្ចសន្យា ទិញលក់ដីចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ដើម្បីទូទាត់ជាមួយប្រាក់កក់ចំនួន ៦៦ម៉ឺនដុល្លារអាមេរិក នេះជាការស្រេចដើម្បីបញ្ចប់កិច្ចសន្យានេះ ព្រោះខ្ញុំបាទ ស៊ុន ហួរ យល់ឃើញថា បើនៅបន្តរត់ការកាត់ឈ្មោះដី ដូចនៅក្នុងកិច្ចសន្យាលក់ទិញនោះវាប្រើពេលវេលាយូរតទៅទៀត មិនដឹងថាពេលណាទេ។
ប៉ុន្តែជាក់ស្ដែងភាគីលោក ជី កានយូ បន្ទាប់ពីបានជួបជជែកគ្នារកដំណោះស្រាយរួចហើយ តែភាគី លោក ជី កានយូ នៅតែមានចេតនារករឿងដោយបានដាក់ពាក្យបណ្ដឹង ប្ដឹងខ្ញុំបាទទៅតុលាការពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ដោយអះអាងថាយកដីខ្យល់មកលក់ ដីហ្នឹងមិនមែនជារបស់ខ្លួនយកមកលក់ ឱ្យភាគីលោក ជី កានយូ ហើយកាត់ឈ្មោះមិនបានតែបណ្តឹងនេះត្រូវបានតុលាការតម្កល់រឿងទុកឥតចាត់ការ (ដោយសារអង្គហេតុមិនមែនជាការពិតដូចការលើកឡើង និងការអះអាងពីភាគីលោក ជី កានយូ)។
ចំណុចគួរពិចារណា៖ ខ្ញុំបាទ ស៊ុន ហួរ គ្មានចេតនាទុច្ចរិតឆបោក ឬរំលោភលើទំនុកចិត្ត ទៅលើភាគីលោក ជី កានយូ នោះទេ ព្រោះការទិញ-លក់ដីទាំងអស់ខាងលើនេះ គឺលោក ជី កានយូ បានដឹងយ៉ាងច្បាស់ថា ដីនេះកំពុងមានទំនាស់ត្រូវមានការរត់ការបញ្ចប់រឿងសិន ទើបអាចធ្វើការផ្ទេរសិទ្ធិបាន ហើយចំណុចមួយទៀតដែលគប្បីគួរពិចារណានោះគឺថា តើនៅស្រុកខ្មែរអ្នកដែលទិញដី-លក់ដី គឺគេទិញ ដីគេកក់លុយ ហើយធានារត់កាត់ឈ្មោះឱ្យគេ ក្នុងរយៈពេលប៉ុន្មានខែ កាត់មិនបានត្រូវសង១គុណនឹង២ ហើយបើខាងភាគីអ្នកទិញប្រែក្រឡាស់មិនទិញវិញត្រូវដាច់លុយកក់នេះវាជាទម្លាប់ទូទៅ…ហើយវាក៏ជានីតិវិធីដែរ។ ប៉ុន្តែមិនដែលមាននណាមួយទៅទិញដីកក់ប្រាក់ថ្លៃដីគេហើយ ឱ្យម្ចាស់ដីតម្កល់ដីកន្លែងផ្សេង មកខ្លួនវិញទៀតទេ គឺមិនដែលមានទាល់តែសោះ តែចំពោះករណីនេះវាប្លែក ដូច្នេះហើយយើងគួរពិចារណាថា វាជារឿងមិនមែនជាការទិញលក់ធម្មតាទេគឺជារឿងទិញដីកំពុងមានទំនាស់ដោយកក់លុយ និងទុកពេលវេលាឱ្យម្ចាស់ដីធ្វើការដោះស្រាយបើបានសម្រេចក៏យក តែបើមិនបានសម្រេចក៏មិនបាត់លុយដែរដោយម្ចាស់ដីបានដាក់ដីផ្សេងចំនួន៥ទីតាំងតម្កល់ទុក ដើម្បីទូទាត់ព្រោះខ្លួនបានដឹងហើយថាដីត្រង់កន្លែងហ្នឹងមាន ទំនាស់ហើយ តែខ្លួននៅតែចង់បានដីកន្លែងហ្នឹង។
*ចំពោះការទិញ-លក់ដីនេះ គឺមានមេធាវីមានសាក្សីបានដឹងឮត្រឹមត្រូវ សួរថាតើជនជាតិចិននោះល្ងង់រហូត ដល់ថ្នាក់ដឹងថា លិខិតកាន់កាប់ដីនេះមិនមែនជារបស់ខ្ញុំបាទ ស៊ុន ហួរ ហើយ បែរជាហ៊ានកក់លុយទិញដែរឬទេ? “តើជាទម្លាប់ការទិញ-លក់ដីនៅស្រុកខ្មែរ អ្នកទិញដីយកលុយទៅកក់ឱ្យម្ចាស់ដីហើយ អ្នកទិញដីតម្រូវឱ្យម្ចាស់ដីត្រូវយកទីតាំងដីផ្សេងដែលមានតម្លៃប្រហាក់ប្រហែល ឬក៏មានតម្លៃដ៏លើសលុបនោះមកតម្កល់ឱ្យខ្លួនវិញដែរឬទេ?
អង្គហេតុដូចបានរៀបរាប់ដោយសង្ខេបខាងលើ សូមឱ្យអ្នកសារព័ត៌មានទាំងអស់ និងសាធារណជន មេត្តាជ្រាប និងជួយពិចារណាតាមការគួរ ៕
ដោយ៖ សុខ ខេមរា