ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅក្នុងប្រទេសអូស្ត្រាលី លោក Jean-Pierre Thebault បានរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុង Canberra ដែលមានសកម្មភាព «អន់បំផុត» ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង ទំនុកចិត្តគ្នា ភាពស្មោះត្រង់រវាងប្រទេសទាំងពីរ ។
កាលពីឆ្នាំ២០១៦ អូស្ត្រាលីបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនផលិតនាវា Naval របស់បារាំង ក្នុងការផលិតនាវាមុជទឹក។ ប៉ុន្តែ ក្រោយរយៈពេលមួយថ្ងៃដែលសម្ពន្ធមិត្តយោធា អាមេរិក អង់គ្លេស អូស្ត្រាលី ហៅកាត់( AUKUS) បានប្រកាសជាផ្លូវការ រដ្ឋាភិបាលទីក្រុង Canberra បានសម្រេចលុបកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Naval របស់បារាំងនាថ្ងៃទី១៦ខែកញ្ញា ។ ការលុបកិច្ចព្រមព្រៀងក្រោយទទួលបានការផ្តល់ជំនួយបច្ចេកទេសពីប្រទេសសម្ពន្ធមិត្តទាំងពីរ ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលបរមាណូ។
ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា «នោះជាកំហុសយ៉ាងធំធេង មិនត្រឹមតែកិច្ចព្រមព្រៀងឡើយគឺជាទំនាក់ទំនងភាពជាដៃគូ តាមរយៈការទុកចិត្តគ្នាទៅវិញទៅមក»។
កន្លងមក លោក Jean-Pierre Thebault បានបញ្ជាក់ថា កិច្ចព្រមព្រៀងទិញនាវាមុជទឹកដែលបានចុះហត្ថលេខា មានតម្លៃដល់ទៅ ៤០លានដុល្លារ។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងមិនមែនជាការលក់ទំនិញនោះឡើយ គឺជាទំនាក់ទំនង ការផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលទីក្រុងបារីស និឹង Canberra ៕
ដោយ៖ធីរីណា
ប្រភពរូបថត៖AP.
រូបថត៖Australia Royal Navy.