ខេត្តបន្ទាយមានជ័យ៖ បើយោងតាមការបញ្ជាក់ពីលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ មន្រ្តីជំនាញ និងកងកម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យលទ្ធភាពបញ្ជៀសទឹកចេញកុំឱ្យលិចលង់ខ្លាំង និងជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព ប្រសិនបើមានទឹកជន់លិចលំនៅដ្ឋានពលរដ្ឋ និងក្រុមគ្រួសាររបស់កងកម្លាំង។
ប្រភពដដែលបន្តថា បន្ទាប់ពីមានភ្លៀងធ្លាក់រណ្តំធ្វើឱ្យជំនន់ទឹកភ្លៀងឡើងក្រឺតៗ និងដោយស្ថានភាពជំនន់ទឹកមាត់អូរព្រំដែន ក៏ឡើងខ្លាំងដែរនោះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរជ្រៅនៃព្រំដែនប៉ោយប៉ែត មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ ក៏បានបញ្ជាឱ្យកងកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។
ជាមួយគ្នានេះ កងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានត្រៀមអន្តរាគមន៍ រួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ រដ្ឋបាលស្រុកមង្គលបូរី ក៏បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅស្រុកមង្គលបូរីទាំងអស់ និងរស់នៅតាមមាត់ស្ទឹង សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ត្រូវត្រៀមស្បៀង និងថ្នាំសង្កូវសម្រាប់ទុកបម្រុងផងដែរ៕
ដោយ៖សហការី