ភ្នំពេញ៖ ក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាសចូលរួមជាមួយសហគមន៍អន្តរជាតិអបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចតេជោហ៊ុន សែន បានថ្លែងថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមជាមួយសហគមន៍អន្តរជាតិអបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិដ៏មហោឡារិកនេះ ដើម្បី លើកកម្ពស់ការយល់ដឹងជាសាកលអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជានៅក្នុងការបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតថេរ យូរអង្វែង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា ជនរួមជាតិជាទីស្នេហា បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើទឹក ដីមាតុភូមិកម្ពុជាដោយ “នយោបាយឈ្នះ=ឈ្នះ” របស់ខ្ញុំព្រះករុណាខ្ញុំ បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចតេជោថ្លែងបន្តថា រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះបានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក «មានសន្តិភាព មានការអភិវឌ្ឍ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ជំហរនយោបាយការបរទេស គឺមិនមែនម្តងឆ្វេង ម្តងស្តាំ ម្តងកើត ម្តងលិចនោះទេ វាប៉ះពាល់ជំនឿ និងផលប្រយោជន៍ប្រទេសជាតិ។ កម្ពុជា ក៏មិនដែលបដិសេធទំនាក់ទំនងនិងជំនួយរបស់នរណាឡើយ។
ប្រជាពលរដ្ឋចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកកម្ពុជាសម័យទំនើប ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ៕