ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវីលមួយចំនួន ដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ៖
*១. ការវិភាគដែលចាត់ទុកថាជាសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ បានន័យថាជាការវិវាគតាមបែបវិទ្យាសាស្រ្ត មានមូលដ្ឋាននិងវិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែងជាដើម។ល។
*២. ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរនិងលើកជើងថាជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈនិងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគុំនុំគុំគួន រួមជាមួយនិងនិន្នាការនយោបាយផងដែរ ជាដើម។ល។
*៣. កុំធ្វើជាអ្នកវិភាគជោរតាមអ្នកសម្ភាសន៍និងវិទ្យុបរទេសមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាលនិងផលប្រយោជន៍ជាតិ ព្រោះថាអ្វីដែលគេចង់បានគឺទស្សនៈរបស់អ្នកវិភាគដែលត្រូវនឹងគោលដៅរបស់គេ ដើម្បីយកទៅអត្ថាធិប្បាយ បកស្រាយ ញ្ចេញបញ្ចូលបន្ថែម និងផ្សព្វផ្សាយដើម្បីធ្វើការវាយប្រហារ បន្តុះបង្អាប់ និងរិះគន់រដ្ឋាភិបាលឱ្យខូចឈ្មោះតែប៉ុណ្ណោះ។
*៤.ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់និងរំលោភបំពានលើសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ៕
ដោយ៖សហការី