ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា Miss Grand Cambodia 2021 បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់លើកម្មវិធីប្រកួតរបស់ខ្លួនហើយ គឺកម្មវិធីប្រកួតឈុតហែលទឹក។ បេក្ខភាពដែលចូលរួមបើកឆាកប្រកួតលើវិញ្ញាសាដំបូងកាលពីថ្ងៃទី២០ខែកញ្ញានេះ មានសរុបចំនួន២៥នាក់ដែលគេដឹងថាសុទ្ធសឹងតែជាបេក្ខភាពលេចធ្លោរនិងសម្រិតសម្រាំង។ ទោះជាយ៉ាងណាបើកដំណើរការភ្លាមកម្មវិធីនេះទទួលបានការទាំងកោតសរសើរផង និងរិះគន់ផង។
ក្រោយពីការបង្ហាញមុខរបស់បេក្ខភាពទាំង២៥នាក់តំណាងឲ្យខេត្តរាជធានីនៅប្រទេសកម្ពុជា និងកម្មវិធីប្រកួតឈុតហែលទឹកនេះដែរកម្មវិធី Miss Grand Cambodia 2021 នឹងបើការប្រកួតឈុតតំណាងជាតិនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ ២០២១ ខណៈវគ្គប្រកួតបឋម នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញានេះ ហើយវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២១នេះចាប់ពីម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia និងលើ Channel Youtube Miss Grand Cambodia ផងដែរ។
មានចំណុចមួយចំនួនដែលកម្មវិធីទទួលបានកោតសរសើរគឺ បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ មែន ប៉ុន្តែកម្មវិធីនៅតែបន្តរៀបចំធ្វើបានតាមការគ្រោងទុក។មុននេះកម្មវិធីក៏បានបញ្ចេញម៉ូតមកុដថ្មីរបស់ខ្លួនដែលត្រូវបានច្នៃដោយក្រុមហ៊ុនជំនាញល្បីឈ្មោះមួយនៅប្រទេសថៃផងដែរ។ ចំណុចដែលគួរឲ្យកោតសរសើរមួយទៀតនោះគឺការលើកយកក្រណាត់សំពត់សារ៉ុង ច្នៃជាឈុតហែលទឹក នោះជាដើម។ មួយវិញទៀតកម្មវិធីក៏នៅតែអាចស្វែងរកអ្នកឧបត្ថម្ភកម្មវិធីបានបើទោះបីជាស្ថិតក្នុងបរិបទនេះ។ក្នុងនោះទាំងការជ្រើសរើសបេក្ខភាពចូលរួមប្រកួត ពោរពេញដោយសមត្ថភាពមិនធម្មតារូបសម្រស់ស្រស់សោភា និងទេពកោសល្យច្បាស់លាស់ផងដែរ។ បើទោះបីជាយ៉ាងបញ្ហាមួយចំនួនក្នុងការបង្ហាញវគ្គដំបូងនេះក៏លេចចេញការរិះគន់ ដែរ ដូចជាការណីនៃការជ្រើសរើសទីតាំងនៃការដើរបង្ហាញឈុតហែលទឹករបស់បេក្ខនារីមិនទាន់ស្រស់ស្អាត ដែលសភាពជញ្ជាំងចាស់ សំរាមមិនត្រូវបានសម្អាតស្អាតរៀបរយ និងមានសត្វឆ្កែដើរចូលទៅក្នុងពេលបេក្ខភាពកំពុងដើរបង្ហាញមុខនោះជាដើម។ ក្នុងនោះក៏មានការលើកឡើងពីបច្ចេកទេសនៃការថតយកប្លង់នីមួយនៅមិនទាន់បានល្អរលួននៅឡើយ។ ទោះជាយ៉ាងណានេះគ្រាន់តែជាជំហ៊ានដំបូងសម្រាប់ការប្រកួតឆ្នាំនេះប៉ុណ្ណោះ នៅមានវគ្គនៃការប្រកួតមួយចំនួនទៀតដែលនឹងត្រូវធ្វើឡើងនៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ វឌ្ឍនា