ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យក្រុមគ្រូពេទ្យចិនចាក់វ៉ាក់សាំងថ្វាយដូសទី២

ចែករំលែក៖

រដ្ឋធានីប៉េកាំង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគេារពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិនចាក់វ៉ាក់សាំងថ្វាយដូសទី២ នៅព្រះរាជដំណាក់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយអង្គក្សត្រទាំងទ្វេ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រខ្មែរ បានជ្រកកោនអស់កាលជាយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១​មាន​៩៨,៤៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន៨៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ដល់ក្រោម១២ឆ្នាំមាន​៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានថ្លែងថា ជាការគួរឱ្យកត់សម្គាល់ បើទោះបីកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើបឡើងវិញស្ថិតនៅក្នុងរង្វង់២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។
សម្តេចតេជោ បានថ្លែងទៀតថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងសកលលោក ប្រជាជនជាងពីររយលាននាក់បានឆ្លង និងជាងបួនលាននាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនិឹងនេះ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានជាអាទិ៍ ខ្សែចង្វាក់ផលិតកម្ម ការធ្លាក់ចុះនៃតម្រូវការ និងការផ្គត់ផ្គង់ទំនិញ សេវាកម្ម ទេសចរណ៍ គួបផ្សំនឹងការដាក់ចេញវិធានការរឹតត្បិតផ្នែករដ្ឋបាលក្នុងការធ្វើដំណើរ និងការបិទខ្ទប់នៅតាមតំបន់ភូមិសាស្ត្រនានាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មិនតែ ប៉ុណ្ណោះ ពិភពលោកក៏នៅតែបន្តប្រឈមមុខនឹងហានិភ័យដោយសាររលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងថ្មីនៃវីរុសកូរ៉ូណា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print