នៅថ្ងៃទី២២ ខែកញ្ញានេះ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា អាមេរិកបានសម្រេចលុបច្បាប់ហាមប្រាមនាំចូលផលិតផលកសិកម្មនិងស្បៀងអាហារពីប្រទេសជប៉ុន ដែលទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់នៅឆ្នាំ២០២១ ក្រោយព្រឹត្តិការណ៍បែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ។ តាមសារព័ត៌មាន TTXVN បានផ្សាយថា តាមការប្រកាសរបស់ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុនអបអរសាទរ ចំពោះរដ្ឋាភិបាលអាមេរិកដែលបានលុបច្បាប់ហាមប្រាមខាងលើ គឺជារឿងដ៏ប្រសើរបំផុត និងជាការគាំទ្រ ដល់ដំណើរការអភិវឌ្ឍន៍នៅតំបន់រងគ្រោះដោយការរញ្ជួយដីរលកយក្សស៊ូណាមិ។ ព្រឹត្តិការណ៍បែកធ្លាយវិទ្យុសកម្មនៅរោងចក្រអគ្គិសនីបរមាណូ Fukushima គឺក្រោយពីមានការរញ្ជួយដីកម្រិត៩រិុចទ័រនៅភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២១។ ក្រោយព្រឹត្តិការណ៍ខាងលើ អាមេរិកបានហាមប្រាមនាំចូលផលិតផលកសិកម្មនិងស្បៀងអាហារមកពីខេត្តចំនួន១៤នៅក្នុងប្រទេសជប៉ុន ក្នុងនោះមានខេត្ត Fukushima, Aomori, Iwate, Miyagi, Yamagata, Ibaraki, Tochigi, Gunma, Saitama, Chiba, Niigata, Yamanashi, Nagano និង Shizuoka ។ ប៉ុន្តែចាប់ពីថ្ងៃទី២១ខែកញ្ញា (ពេលវេលាអាមេរិក) ផលិតផលកសិកម្មនៅក្នុងខេត្តទាំង១៤ខាងលើ នឹងមានសិទ្ធិនាំចូលទៅកាន់អាមេរិកវិញ ។ តាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទជប៉ុន (MAFF) បានឱ្យដឹងថា អាមេរិកគឺជាប្រទេសដែលទិញផលិតផលកសិកម្មធំលំដាប់ទីបីពីប្រទេសជប៉ុន ដោយមានទឹកប្រាក់កើនឡើងដល់ទៅ១,០៩ពាន់លានដុល្លារ៕ដោយ៖ធីរីណា
រូបថត៖Reuters.
kyodo/TTXVN.