ជប៉ុនអាចនឹងមាននាយករដ្ឋមន្ត្រីស្រ្ដី លើកដំបូង ក្នុងប្រវត្តិសាស្ត្រ?

ចែករំលែក៖

ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីជប៉ុនបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយមានបេក្ខភាព៤រូបលេចធ្លោជាងគេ ក្នុងនោះមានស្ត្រីដល់ទៅពីររូបសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP កាន់អំណាច។ បេក្ខភាពដែលទទួលបានជ័យជម្នះ នឹងក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុន។
ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាចនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកញ្ញាខាងមុខនេះ ហើយបេក្ខភាពទទួលបានជ័យជម្នះនឹងឆ្លងកាត់ការបោះឆ្នោតសភាអនុម័តឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ នៅពេលនេះដែរ បេក្ខភាពពីររូបដែលជាស្ត្រីត្រូវបានគេវាយតម្លៃខ្ពស់ ថាអាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខ ដោយក្នុងចំណោមបេក្ខភាព៤រូបមានស្ត្រីដល់ទៅ២រូប។
លោកស្រី Takaichi Sanae អាយុ៦០ឆ្នាំ ជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាតំណាងរាស្ត្រនៅក្នុងសភាជប៉ុន ។ លោកស្រីធ្លាប់កាន់តំណែងខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ។ លោកស្រីធ្លាប់កានតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដល់ទៅ២លើក ។ លោកស្រីមានបំណងចង់ក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន។
នៅក្នុងបទសម្ភាសន៍ លោកស្រី Takaichi បានបញ្ជាក់ថា «ខ្ញុំបានសម្រេចឈរឈ្មោះជាបេក្ខភាពប្រធានគណបក្សLDPដោយសារតែពេលនេះសង្គមកំពុងប្រឈមឧបសគ្គ និងបញ្ហាប្រឈមមុខជាច្រើន។ ដើម្បីកសាងប្រទេសឱ្យកាន់តែប្រសើរ រីកចម្រើន ខ្ញុំបានកំណត់គោលដៅដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសជប៉ុន ជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង»។
ជាមួយគ្នានេះដែរ លោកស្រី Seiko Noda អគ្គលេខាបក្សLDP កាន់អំណាច បានចំណាយពេលវេលាភាគច្រើនក្នុងការងាររបស់ខ្លួនសម្រាប់បញ្ហាស្ត្រី កុមារ និងគ្រួសារជប៉ុន ។ លោកស្រីក៏ធ្លាប់ចូលរួមប្រកួតប្រជែងតំណែងប្រធានគណបក្សកាន់អំណាចនៅឆ្នាំ២០១៥ ជាមួយអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេផងដែរ។ លោកស្រីក៏ជាបេក្ខភាពលេចធ្លោសម្រាប់តំណែងប្រធានបក្សនោះដែរ៕

ដោយ៖សាធី

លោកស្រី Takaichi Sanae(ឆ្វេង) និងលោកស្រីSeiko Noda

...

ប្រភព៖ Bloomberg, Japan Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print