នៅក្នុងសេចក្តីប្រកាសថ្មីបំផុតនៅថ្ងៃទី២៤ខែកញ្ញា ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី Kim Yo-jong បានប្រកាសថា ទីក្រុងព្យុងយ៉ាងមានគម្រោងកែប្រែទំនាក់ទំនងកូរ៉េទាំងពីរ ប្រសិនបើកូរ៉េខាងត្បូង បោះបង់ឥរិយាបថចងគំនុំជាមួយកូរ៉េខាងជើង។
នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២៤ខែកញ្ញា ដែលសារព័ត៌មាន កូរ៉េខាងជើង KCNA បានផ្សព្វផ្សាយ លោកស្រី Kim Yo Jong ប្អូនស្រីលោកគីម ជុងអ៊ុន បានលើកឡើងថា ទស្សនៈបញ្ចប់សង្គ្រាមអូសបន្លាយនៅឧបទ្វីបកូរ៉េ និឹងបញ្ចប់ការចងគំនុំគ្នា ។ ការប្រកាសខាងលើកើតឡើងក្រោយពេលប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសនៅក្នុងអង្គការសហប្រជាជាតិ អំពាវនាវឲ្យបញ្ចប់សង្គ្រាមឧបទ្វីបនៅឆ្នាំ១៩៥០-១៩៥៣ ដែលជាគម្រោងដ៏ល្អ ។
ជាមួយគ្នានេះដែរ លោកស្រី Kim Yo Jong បានលើកឡើងថា ដើម្បីធ្វើឲ្យការប្រកាសនោះក្លាយទៅជាការណ៍ពិត កូរ៉េខាងជើងនិងកូរ៉េខាងត្បូងចាំបាច់ត្រូវតែគោរពគ្នាទៅវិញទៅមក លុបចោលទស្សនៈចងគំនុំ …។
តាមការលើកឡើងរបស់លោកស្រី Kim នៅពេលណាកូរ៉េទាំងពីរ មានទំនុកចិត្តគ្នាទៅវិញទៅមកទើបអាចរួមគ្នាប្រកាសបញ្ចប់សង្គ្រាមបាន និងអនាគតមានទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កន្លងមក រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Thea Song បានបញ្ជាក់ថា ការប្រកាសបញ្ចប់សង្គ្រាមឧបទ្វីប នាពេលនេះគឺឆាប់ពេកហើយ។ លោកបញ្ជាក់ថា ប្រសិនបើគោលនយោបាយចងគំនុំរបស់អាមេរិកមិនផ្លាស់ប្តូរនោះទេ សេចក្តីប្រកាសសន្តិភាពក៏គ្មានន័យដែរ៕ដោយ៖ធីរីណា
ប្រភពរូបថត៖Yonhap.