ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៦ រវាងក្រុមកាំភ្លើងធំ Arsenal នឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបញ្ចប់កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមម្ចាស់ផ្ទះកាំភ្លើងធំបានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាសយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល៣ទល់១។
ការប្រកួតបានចាប់ផ្តើមក្នុងតង់ទី១ ក្រុមកាំភ្លើងធំ Arsenal បានព្យាយាមសម្រុក និងគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ ហើយនៅនាទីទី១២ ខ្សែប្រយុទ្ធវ័យក្មេង Smith Rowe រកបាន១គ្រាប់នាំមុខ ហើយនៅនាទីទី២៧ ខ្សែប្រយុទ្ធដដែលនេះបានបញ្ជូនបាល់ឲ្យកីឡាករ Aubameyang ស៊ុតបញ្ចូលទី១គ្រាប់បន្ថែមទៀត ធ្វើឲ្យ Arsenal នាំមុខ Tottenham ២ទល់០។
ការប្រកួតនៅតែសម្រុកទៅមុខសម្រាប់ក្រុមម្ចាស់ផ្ទះ ដោយមានឱកាសស៊ុតទៅមុខទីក្រុម Spur ជាញឹកញាប់ ហើយនៅនាទីទី៣៤ ខ្សែបម្រើការពារស្លាប Saka រកបាន១គ្រាប់បន្ថែមទៀត ដែលលទ្ធផលនេះបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ ក្រុមភ្ញៀវបានផ្លាស់ប្តូរទម្រង់លេងល្អជាងមុន រហូតដល់នាទីទី៧៩ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min របស់ក្រុម Spur រកបាន១គ្រាប់សងវិញធ្វើឲ្យចប់ការប្រកួត Arsenal យកឈ្នះ Tottenham ក្នុងលទ្ធផល៣ទល់១។
ជ័យជម្នះនេះធ្វើឱ្យក្រុម Arsenal ឈរពីលើក្រុម Spurs បណ្តោះអាសន្នដែលបានឈ្នះ៣លើកដំបូងរបស់ពួកគេហើយឥឡូវនេះក្រុម Spur បានចាញ់៣លើកជាប់ៗគ្នា ប៉ុន្តែពួកគេនៅតែឈរនៅលេខរៀងទី១០ និងសម្លឹងមើលទៅក្រុមកំពូលតារាង Liverpool, Manchester City និង Chelsea ផងដែរ។
លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំដែលដឹកនាំដោយលោក Arteta កសាងទំនុកចិត្តឡើងវិញ ក្រោយពីការចាប់ផ្តើមរដូវកាលមិនបានល្អ ប៉ុន្តែ៤ប្រកួតចុងក្រោយរបស់ក្រុមកាំភ្លើងធំ Arsenal គឺទទួលបានជ័យជម្នះ ដោយឈ្នះក្រុមភ្ញៀវ Norwich City ១ទល់០, ឈ្នះក្រុមម្ចាស់ផ្ទះ Burnley ១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League, ឈ្នះក្រុមភ្ញៀវ AFC Winbledon ៣ទល់០ ក្នុងការប្រកួតពានរង្វាន់ League Cup និងបន្តឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ៣ទល់១ ក្នុងសប្តាហ៍ទី៦នៅលីកកំពូលអង់គ្លេសនេះ ៕ (រូបភាព ៖ BBC Sport)