ខេត្តព្រៃវែង៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ លោក និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាននាំយកថវិការ ចំនួន៣លានរៀលនិងគ្រឿងសម្ភារៈ ឧបភោគ បរិភោគមួយចំនួន មកជូនលោកយាយ វៃ យឿន ដែលមានអាយុ ១០០ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច។
លោក ជា សុមេធី បានបញ្ជាក់បន្ថែមថា ក្នុងព្រឹកថ្ងៃដដែលនេះដែរ លោក ក៏បានចូលរួមពិធីប្រកាសបិទយុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅទូទាំងខេត្ត ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុំ ប៊ុនឡេង តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ,លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីសាលាខេត្តជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តព្រៃវែងលទ្ធផលសម្រេចបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គឺ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់ដូសទី១ សរុបចំនួន ៧៧០.៤៩១នាក់ ស្មើនឹង ១០០.៤៤% និងកុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើងបានចាក់ដូសទី១ សរុបចំនួន១០៩.៦៧៦នាក់ ស្មើនឹង ៧០.៣២% លើសពីនេះទៀត កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំឡើងសរុបចំនួន ១១៩.៩៦៦នាក់ ស្មើនឹង ៨៥.៦០%។
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តព្រៃវែង សម្រេចបានក្នុងផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ លោកស្រីលោកស្រីរដ្ឋលេខាធិការ បានអំពាវនាវដល់រដ្ឋបាលខេត្ត និងបន្តជំរុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុចំណាកស្រុកឬមូលហេតុផ្សេងៗទៀតឲ្យមក ទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវ កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពរិតត្បិតការ លក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួបជុំនានានិងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត សូមថ្លែងអំណរគុណជូនចំពោះលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាពិសេសសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣ ឬដូសជំរុញ។
ជាថ្មីម្តងទៀត លោក ជា សុមេធី សូមប្រសិទ្ធិពរជ័យជូនដល់លោក លោកស្រី និងសហការីទាំងអស់ នូវពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងមានសុខភាពល្អទាំងអស់គ្នា ដេីម្បីបន្តបេសកកម្មផ្តល់សេវាសុខាភិបាល អោយកាន់តែល្អប្រសេីរ ប្រកបដោយសមធ៌ម ប្រសិទ្ធិភាព និងគុណភាព ហើយជៀសផុតពីជំងឺកូវីដ-១៩ ដ៍កាចសាហាវនាពេលនេះ៕
ដោយ៖សហការី