ភ្នំពេញ៖ បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជាមិនមែនជាប្រធានបទថ្មីនោះទេ ជាទូទៅគេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាមតែងតែកើតមានឡើងនៅពេល ដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅទីកន្លែងសាធារណៈណាមួយ មិនថាផ្លូវតូច ឬផ្លូវធំនោះទេ យើងសង្កេតឃើញថាសំរាមនៅកន្លែងខ្លះរប៉ាត់រប៉ាយ គរនៅចិញ្ចើមផ្លូវ និងហៀរដល់ទ្រូងផ្លូវក៏មាន ជាពិសេសនៅតាមទីផ្សាររមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែឥឡូវនេះយើងមានដំណោះស្រាយខ្លះហើយ ដោយមានក្រុមហ៊ុនកែច្នៃកាកសំណល់នៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញទៅជាជីធម្មជាតិវិញ ដែលក្នុងមួយថ្ងៃក្រុមហ៊ុននេះប្រមូលសំរាមនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃប្រហែល៣០តោនយកមកកែច្នៃជាជីធម្មជាតិវិញបាន១៥តោនក្នុងមួយថ្ងៃ។
យើងមកជួបជាមួយលោក គីម នីដូ ជាស្ថាបនិកក្រុមហ៊ុន TWIN Agritech co.Ltd បានឱ្យដឹងថា ក្រុមហ៊ុនរបស់គាត់បើកដំណើរការតាំងពីឆ្នាំ២០១៣មកម៉្លេះ ហើយដំបូងឡើយគឺមានតែមនុស្ស២នាក់ទេ គឺរូបគាត់ និងមិត្តភក្តិរបស់គាត់ម្នាក់ជាជនជាតិសិង្ហបុរី ដើរប្រមូលសំរាមតាមផ្សារយកមកកែច្នៃ។ លោកគីម នីដូបញ្ជាក់ថា នៅពេលដែលគាត់ទៅយកសំរាមនិងកាកសំណល់ គឺអាជីវករពួកគាត់មិនពេញចិត្តជាមួយយើងនោះទេ ដោយពួកគាត់និយាយថា យើងរំខានគាត់រកស៊ី និងពេលខ្លះសន្តិសុខផ្សារក៏មិនពេញចិត្តជាមួយពួកយើងដែរ គឺក្រុមសន្តិសុខថាគាត់មករញ៉េរញ៉ៃផ្សាររបស់គាត់ ប៉ុន្តែគាត់នៅតែព្យាយាមទៅប្រមូលសំរាមនិងកាកសំណល់ ដោយពន្យល់ពួកគាត់ថាយើងយកសំរាមនេះទៅដើម្បីបរិស្ថាន និងយកទៅកែច្នៃធ្វើជាជីឲ្យកសិករយើងមានជីដែលមានគុណភាពល្អ និងធម្មជាតិ រួមនឹងតម្លៃសមរម្យ។
លោកគីម នីដូ បន្តថា ជាដំបូងឡើយគឺយើងបានកែច្នៃកាកសំណល់នេះជាជីអាចម៍ជន្លេន ដោយយកកាកសំណល់ទាំងអស់មកចិញ្ចឹមជន្លេន។ បន្ទាប់មកទៀតគាត់បានច្នៃជាជីកំប៉ុស និងបច្ចុប្បន្ននេះគាត់ក៏បានកែច្នៃជាជីដីដាំផងដែរ។ លោកបន្តទៀតថា ជីដែលគាត់បានកែច្នៃរួចគាត់បានយកផលិតផលរបស់គាត់នោះទៅផ្តល់ជូនដល់ម្ចាស់ចម្ការទាំងអស់ ប៉ុន្តែម្ចាស់ចម្ការទាំងនោះមិនសូវសប្បាយចិត្តនោះទេ ដោយសារពួកគាត់មិនសូវស្គាល់យើង ណាមួយទៀតជាផលិតផលថ្មីពួកគាត់មិនសូវហ៊ានប្រើ ប៉ុន្តែយើងនៅតែព្យាយាមពន្យល់ពួកគាត់ឲ្យប្រើជីធម្មជាតិឲ្យបានច្រើនកាត់បន្ថយការប្រើប្រាស់ជីគីមី និងបានចូលរួមចំណែកដល់បរិស្ថានរបស់ប្រទេសជាតិយើងផងដែរ។
លោកគីម នីដូ បានឲ្យដឹងទៀតថា ការងារប្រមូលកាកសំណល់គឺវាជាការលំបាក ហើយកត្តាដែលធ្វើឲ្យគាត់មិនព្រមចុះចាញ់នឹងការងារនេះ គឺដោយសារតែការមើលងាយពួកគាត់ទាំង២នាក់តែម្តង គឺគេហៅគាត់ថា”អាសំរាម” ដែលពួកគាត់ប្រមូលសំរាមគេមិនសូវឲ្យតម្លៃ ដែលកត្តាទាំងអស់នេះហើយធ្វើឲ្យគាត់កាន់តែតស៊ូបន្ថែមទៀត។
លោកគីម នីដូ បន្តថា ជាដំបូងគេបង្អស់ការចេញប្រមូលកាកសំណល់បានចាប់ពី២០០-៣០០គីឡូក្រាម ឬក៏ពី៥០ទៅ៦០គីឡូក្រាមប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃគាត់អាចប្រមូលសំរាមពី២៥តោនទៅ៣០តោន ហើយផលិតចេញជាជីធម្មជាតិវិញក្នុងមួយថ្ងៃបាន១៥តោន ហើយសម្រាប់ជីកំប៉ុស និងជីអាចម៍ជន្លេនគឺប្រើសំរាប់ចម្ការធំៗ សម្រាប់ជីកំប៉ុសគេប្រើសម្រាប់ទ្រាប់បាត។ ចំណែកជីអាចម៍ជន្លេនគឺយើងយកទៅប្រើបន្ថែមទៅលើដំណាំដែលយើងដាំហើយ ។បន្ទាប់មកលោកនីដូ ក៏បានគិតគូរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញគាត់មានដីតូច ដូច្នេះពួកគាត់ត្រូវការដាំដុះតាមធុងស្នោ ឬក៏ផើង ទើបលោកបានច្នៃបានជាជីដីដាំបានមួយមុខទៀត។
លោកគីម នីដូ បានឱ្យដឹងទៀតថា ចំពោះតម្លៃផលិតផលជីដែលយើងកែច្នៃរួច មានជីអាចម៍ជន្លេនក្នុងមួយតោនតំលៃ១៥៥ដុល្លារ និងជីកំប៉ុសក្នុងមួយតោនតំលៃ១២៥ដុល្លារ និងជីដីដាំក្នុងមួយតោនតំលៃ១៣៥ដុល្លារ យើងដាក់តម្លៃនេះគឺសមរម្យសម្រាប់ជូនប្រជាជនយើង ដើម្បីឱ្យពួកគាត់ព្យាយាមប្រើប្រាស់ជីធម្មជាតិឲ្យបានកាន់តែច្រើនឡើង។
លោកគីម នីដូ បានឱ្យដឹងទៀតថា ពីមុនយើងចុះប្រមូលកាកសំណល់នៅតាមទីផ្សារគឺមានការលំបាក តែឥឡូវនេះគឺមានការងាយស្រួលមែនទែនដោយសារអាជីវករពួកគាត់យល់ដឹងបានច្រើន ព្រមទាំងអាជ្ញាធរផ្សារក៏បានសហការជាមួយយើងដោយពន្យល់អាជីវករឲ្យញែកសំរាម។ ចំពោះកាកសំណល់សរីរាង្គ និងកាកសំណល់ផ្លាស្ទីក យើងងាយស្រួលក្នុងការប្រមូល រួចពួកគាត់បានដាក់កាកសំណល់មួយកន្លែងដើម្បីឲ្យយើងទៅប្រមូល។ លោកនីដូ គាត់បានចុះទៅតាមបណ្តាខេត្តជារៀងរាល់ថ្ងៃដើម្បីទៅពន្យល់ ក៏ដូចជាណែនាំឲ្យប្រជាកសិករប្រើប្រាស់ជីធម្មជាតិ ក៏ដូចជាលើកស្ទួយនូវផលិតផល និងកសិផលរបស់ខ្មែរយើងផងដែរ។
ជាមួយគ្នានេះដែរលោក គីម នីដូ ក៏បានសំណូមពរដល់ម្ចាស់កសិដ្ឋានទាំងអស់ជួយលើកស្ទួយផលិតផលរបស់ខ្មែរ ការលើកស្ទួយផលិតផលរបស់ខ្មែរនេះគឺរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងបាន
ផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរយើងធ្វើ ជាពិសេសនោះគឺកាត់បន្ថយការចំណាកស្រុក និងសូមឲ្យពួកគាត់បង្កើនការងារឲ្យបានច្រើនសម្រាប់ប្រជាជនខ្មែរយើង និងជួយគិតគូររឿងបរិស្ថានឲ្យបានគ្រប់ៗគ្នា៕
ដោយ៖ ជ្រោយពេជ្រ