ភ្នំពេញ, នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា, បច្ចុប្បន្ន សហគមន៍កសិកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសកម្មអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការជំរុញផលិតកម្មស្រូវ និងការបង្កើនការនាំចេញអង្ករ ការជំរុញផលិតកម្មសាកវប្បកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ក្នុងទិសដៅដ៏ចំបងមួយគឺការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កសាងសុខដុមនីយកម្មក្នុងរង្វង់សមាជិកសហគមន៍ និងរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីលើកឡើងថា, ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យសហគមន៍កសិកម្មទាំងអស់នៅទូទាំងប្រទេសធ្វើការចងក្រងសមាជិកដើម្បីបង្កើតបានជាកំលាំងផលិតមានជាអាទិ៍៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ល។ ក្នុងគោលបំណង ធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់ ប្រកបដោយគុណភាពផលិត និងការផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី “សហគមន៍កសិកម្ម”។
ផ្តើមចេញពីពាក្យថា “មានគំនិត និងមានកំណើត” បានធ្វើឲ្យសហគមន៍មួយនេះក្នុងចំណោមសហគមន៍កសិកម្មដែលទទួលបានជោគជ័យ
គឺសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ មានសមាជិកសរុបចំនួន ៨៨គ្រួសារ (ស្រ្តី ៥០) មានទុនសរុបចំនួន ៨ ០១១ ០០០ រៀល។ បច្ចុប្បន្ន មានសមាជិកកើនដល់ចំនួន ៦៨៩ គ្រួសារ (ស្រ្តី ៣៩១) មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបកើនឡើងរហូតដល់ចំនួន ១ ៥៦៩ ៤៩៩ ៨០០ រៀល (ប្រមាណ ៣៩២,៣៧៤ ដុល្លារអាមេរិក)។ សហគមន៍នេះបាននិងកំពុងប្រតិបត្តិការធុរកិច្ចលើមុខរបរចំនួន០៤ ៖
១. ឥណទានសហគមន៍កសិកម្ម
២. ការផ្គត់ផ្គង់ជីកសិកម្ម
៣. ទីផ្សារស្រូវពូជ/ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង
៤. សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត។
លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលបានឲ្យដឹងថា, ភាពរីកចម្រើនរបស់សហគមន៍បានមកដោយសារមានការជំរុញ គាំទ្រ និងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសលោករដ្ឋមន្រ្តី វេង សាខុន ដែលលោកតែងតែឧស្សាហ៍ចុះទៅផ្តល់កំលាំងចិត្ត និងគំនិតណែនាំល្អៗ រួមជាមួយអគ្គនាយកដ្ឋានកសិកម្ម មាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានជួយបណ្តុះបណ្តាលបច្ចេកទេស ការរៀបចំផែនការ ការគ្រប់គ្រងទីផ្សារ ការកត់ត្រាបញ្ជីស្នាម ការចង ក្រងក្រុមផលិត និងការរៀបចំកិច្ចសន្យាផលិតកម្ម។ ភាពជោគជ័យនេះ បានជាទុនទាំងកំលាំងកាយ ចិត្ត និងធនធាន ជំរុញឲ្យសហគមន៍ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈទិញដីជិត ១០ហត សម្រាប់ពង្រីកផលិតកម្មបន្ថែមទៀតឆ្លើយតបតាមតម្រូវការទីផ្សារ។ ដើម្បី បំពេញតម្រូវការឲ្យសមាជិកសហគមន៍ សហគមន៍បានកសាងមានដូចជា ៖ ហេដ្ឋារចនា សម័្ពន្ធ ទីស្នាក់ការ មួយ; ឃ្លាំងស្តុកចំនួន បី; ឡសំងួតចំនួនមួយ; លានហាលកសិផល ១កន្លែង ; ម៉ាស៊ីនកែច្នៃប្រេងស្លឹកគ្រៃមួយ; រថយន្តដឹកទំនិញ ១គ្រឿង; ម៉ាស៊ីនព្រួសស្រូវចំនួន មួយគ្រឿង ម៉ាស៊ីនបោកស្រូវចំនួនមួយគ្រឿង; ម៉ាស៊ីនច្រូត និងម៉ាស៊ីនសំអាតគ្រាប់ពូជខ្នាតតូច ព្រមទាំងឧបករណ៍ផលិតកម្មកសិកម្មខ្នាតតូចជាច្រើនទៀត។ ក្រៅពីនេះ សហគមន៍ក៏មានផ្សារលក់កសិផលនៅក្នុងមូលដ្ឋានរបស់ខ្លួន មានតូបលក់កសិផលនៅផ្សារនាគមាស (រាជធានីភ្នំពេញ) ផងដែរ។
នៅឆ្នាំ២០២០ សហគមន៍បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន ៥០០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៦០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បន្លែ សាច់ និងអង្ករ ជូនសាលារៀនចំនួន០៨ ក្នុងស្រុកស្ទឹងត្រង់ ធ្វើកិច្ចសន្យាជាមួយអ្នកចែកចាយផលិតប្រេងស្លឹកគ្រៃចំនួន ៣០លីត្រ/ខែ និងធ្វើកិច្ចសន្យាជាមួយឈ្មួញបោះដុំស្លឹកគ្រៃចំនួន ៩៨០តោន/ឆ្នាំ។ល។ តាមរយ:ការធ្វើអាជីវកម្មនេះ សហគមន៍ទទួលបានប្រាក់ចំណូលចំនួន ៣ ១២៤ ៨០៦ ៥០០ រៀល ក្នុងនោះ ៖ ១២៨ ០៣៦ ៤០០រៀល បានមកពីសេវាឥណទាន ១ ០៦៣ ៧៦៨ ៩០០ រៀល បានមកពីការផ្គត់ផ្គង់ជីកសិកម្ម ១ ៧៦៨ ០៩០ ៨០០រៀល បានមកពីទីផ្សារ និង ១៦៤ ៩១០ ៤០០រៀល បានមកពីសេវាកម្មប្រើ ប្រាស់រួមគ្នា និងសេវាផ្សេងៗទៀត។ ដោយសារភាពជោគជ័យនេះ សហគមន៍កសិកម្មសំបូរមានជ័យបានទទួលជ័យលាភីលេខ១
ទូទាំងប្រទេសប្រចាំឆ្នាំ២០១៧ លើប្រធានបទ “ភាពជោគជ័យក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម” ដោយទទួលបានបណ្ណសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ទទួលបានពាន់រង្វាន់លេខ១ ពីសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេសនៅក្នុងឆ្នាំនោះផងដែរ។
លោក ឆេង ថុង បានបញ្ជាក់ថា សហគមន៍ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនគឺដោយ សារចំណុចសំខាន់ៗមួយចំនួនដូចចាងក្រោម ៖
១. សមាជិកគ្រប់រូបមានការប្តេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈរួមក្នុងការអនុវត្តការងារ;
២. មានបែងចែកតួនាទី និងការទទួលខុសត្រូវច្បាស់លាស់;
៣. មានសាមគ្គីភាពផ្ទៃក្នុងបានល្អរវាង ក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍;
៤. មានប្រព័ន្ធគ្រប់គ្រងបញ្ជីគណនេយ្យច្បាស់លាស់ល្អ និងតម្លាភាព;
៥. ធ្វើផែនការផលិតកម្មដំណាំបានល្អរវាងសមាជិកសហគមន៍ និងតម្រូវការទីផ្សារ;
៦. មានការបង្កើតក្រុមផលិតកម្មនៅក្នុងសហគមន៍ ទៅតាមប្រភេទដំណាំ;
៧. មានការសិក្សាទីផ្សារបានល្អ មុនចាប់ផ្តើមធ្វើមុខរបរទីផ្សាររបស់សហគមន៍;
៨. ជ្រើសរើស ឱ្យមាននាយកគ្រប់គ្រង និងបុគ្គលិកទទួលខុសត្រូវទៅតាមមុខរបរនីមួយៗច្បាស់លាស់ និងមានមធ្យោបាយដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ចំពោះសហគមន៍កសិកម្មផ្សេងទៀតដែលមានបំណងចង់សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ឬទទួលបានព័ត៌មានបន្ថែមសូមអញ្ជើញទំនាក់ទំនងលោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ តាមរយៈលេខទូរស័ព្ទ ០៧៧ ៩៩៦ ៧៦៨។
សូមអនុញ្ញាតជម្រាបជូនថាចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ត្រឹមចុងឆ្នាំ២០២១ សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យផលិតកម្មកសិកម្ម មានចំនួន ១ ២០០សហគមន៍ មានសមាជិកសរុបចំនួន ១៤៤ ៣០៦នាក់ គិតជាគ្រួសារកសិករមានចំនួន ១៣១ ៦០៦គ្រួសារ និងមានដើមទុនសរុបប្រមាណ ៩៩ ៤៨៩ ៤៨៥ ០៥៩ រៀល (ស្មើ ២៤,៨ លានដុល្លារ) ហើយសហគមន៍កសិកម្មទាំងអស់នេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាមី។ ច្បាប់ស្តីពី “សហគមន៍កសិកម្ម” ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យប្រកាសដាក់ឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៦១៣/០០៨ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣៕
ដោយ, សិលា