នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP នៅថ្ងៃទី២៩ ខែកញ្ញា ហើយអតីតរដ្ឋមន្ត្រីការបរទេស លោក Kishida Fumioជាប់ឆ្នោតជាប្រធានគណបក្សនិងក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុន។ នៅក្នុងការបោះឆ្នោតជុំទីពីរ លោក Kishida បានយកឈ្នះគូប្រជែងគឺលោក Kono ដោយទទួលបានសំឡេងគាំទ្ររហូតដល់ទៅ២៥៧ទល់នឹង១៧០សំឡេង ក្លាយជាប្រធានគណបក្សកាន់អំណាច LDP ។ តាមគម្រោង សភាជប៉ុននឹងបើកកិច្ចប្រជុំនៅថ្ងៃទី ៤ខែតុលាដើម្បីជ្រើសរើសមេដឹកនាំថ្មី។ ជាមួយគ្នានេះដែរ គណបក្សចម្រុះដែលដឹកនាំដោយ LDP មានសំឡេងភាគច្រើនស្រាប់នៅក្នុងសភាទាំងពីរជាន់ថ្នាក់, ហេតុដូច្នេះ ការគាំទ្រចំពោះលោក Fumio Kishida ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី គឺត្រូវបានគេមើលឃើញរួចទៅហើយថានឹងអាចប្រព្រឹត្តទៅដោយរលូន។ កាលពីដំបូងឡើយ សាធារណមតិមានការផ្តោតអារម្មណ៍ និងសន្និដ្ឋានថា រដ្ឋមន្ត្រីវ៉ាក់សាំងលោក តារ៉ូ កូណុ (Taro Kono) ទៅវិញទេដែលអាចទទួលបានការគាំទ្រសម្រាប់តំណែងជាប្រធានបក្សកាន់អំណាច LDP និងជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ប៉ុន្តែសម្រាប់ពេលនេះលទ្ធផលបោះឆ្នោតក្នុងបក្សនេះផ្ទាល់បានចេញមកហើយ នោះគឺលោក Kishida ទទួលបានសំឡេងគាំទ្រ ២៥៧សំឡេង រីឯលោក Kono ទទួលបានតែ ១៧០សំឡេងប៉ុណ្ណោះ។ សម្រាប់តំណែងជាប្រធានបក្សកាន់អំណាច និងនាយករដ្ឋមន្ត្រីជប៉ុនថ្មីនេះ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះលោក Fumio Kishida នឹងត្រូវដឹកនាំបក្សទាំងមូលទៅដណ្តើមយកជ័យជម្នះជាថ្មីក្នុងការបោះឆ្នោតសកល ដែលអាចនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១៕ដោយ៖ធីរីណា
ប្រភពរូបថត៖Kyodo News.